ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១២គ្រួសារ រស់នៅស្រុកបន្ទាយមាស បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានចាត់ឱ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងមន្ត្រីក្រុមប្រតិបត្តិសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១២គ្រួសារ រស់នៅក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស (ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តព្រៃរោង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត)។
នាឱកាសនោះ លោកស្រីនាយិការងសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត និងចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ដែលធ្វើឱ្យខូចខាតផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
ក្នុងឱកាសនោះលោកស្រីក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង កុំឲ្យក្មេងតូចៗចេញពីផ្ទះ ត្រូវដេកក្នុងមុង លុបបំបាត់ថ្លុកជ្រាំដែលជាជម្រកមូសខ្លាបង្ករឱ្យកើតជំងឺគ្រុនឈាម ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗមាន៖
– អង្ករ២៥គីឡូក្រាម
– ត្រីខ១០កំប៉ុង
– ទឹកត្រី១យួរ
– មី១កេស
– និងថវិកា៥ម៉ឹនរៀលផងដែរ៕