សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស ដល់កុមារនៃអង្គការ PSE និងCCF
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស (ប្រទេសចិន) ដល់កុមារនៃអង្គការ ដើម្បីភាពញញឹម នៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា-CCF ជាមួយនឹងការប្រកាសផ្តល់នូវអហារូបករណ៍ដែរនោះ សម្តេច ក៏បានអំពាវនាវដល់កុមារនៃអង្គការទាំងពីរ ឲ្យបន្តខិតខំសិក្សាបន្ថែមទៀត ដើម្បីអនាគតខ្លួនឯង។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលដោយគ្មានការត្រៀមទុក និងរៀបចំអាហារជូនដល់កុមារ និងលោកតា លោកយាយនៅអង្គការ ដើម្បីភាពញញឹម នៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា-CCF ដើម្បីជាការអបអរសាទរ ថ្ងៃចម្រើនជន្មាយុ៤៧ ឈានចូល ៤៨ឆ្នាំ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤នេះ សម្តេចធិបតី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងអស់ នៃអង្គការខាងលើនេះ ថែមទាំងជួយទំនុកបម្រុងផ្សេងៗទៀតផងដែរ សម្រាប់អង្គការទាំងនេះ ដើម្បីជួយដល់កុមារ និងលោកតា លោកយាយកម្ពុជាដែលកំពុងសិក្សា និងស្នាក់អាស្រ័យជាមួយអង្គការទាំងពីរខាងលើនេះ។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានប្រកាសផ្តល់ថវិកា ដល់អង្គការទាំងពីរចំនួន៤០លានរៀល អង្ករ មី និងភេសជ្ជៈមួយចំនួនទៀតផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រធានអង្គការទាំងពីរ ដែលបានជួយដល់រាជរដ្ឋាភបាល ក៏ដូចប្រជាពលរដ្ឋខ្មែរបានយ៉ាងច្រើន តាមរយៈការជួយចិញ្ចឹមកុមារកម្ពុជា និងការផ្គត់ផ្គង់គ្រប់បែបយ៉ាងឲ្យពួកគេមានការសិក្សាខ្ពស់ រហូតដល់បានរៀននៅក្រៅប្រទេសផងដែរ ៕