យោធភូមិភាគពិសេស បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ៦៨នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ទីបញ្ជាការយោធភូមិភាគពិសេសមានរៀបចំពិធីសំណេះសំណាលបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ៦៨នាក់ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនចំពោះ បងប្អូនយោធិនចូលសោធននិវត្តន៍ទាំងអស់ និងក្រុមគ្រួសារ។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានមានប្រសាសន៍ បន្តទៀតថា ការដាក់យោធិនចូលនិវត្តន៍ឲ្យទៅរស់នៅស្ថាប័នស៊ីវិល ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់របស់ កងយោធពលខេមរភូមិន្ទ ក្នុងនោះ ឯកឧត្តម ក៏បានលើកឡើងអំពីគុណបំណាច់ និងស្នាដៃរបស់បងប្អូនយោធិន ដែលបានរួមចំណែកក្នុងភារកិច្ច ការពារជាតិ មាតុភូមិ និងកសាងអភិវឌ្ឍន៍អង្គភាពបាន រីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តម ពូ សាប៊ុតឌី បានផ្តាំផ្ញើ ដល់បងប្អូនយោធិនចូលសោធននិវត្តន៍ទាំងអស់ ពេលទៅរស់នៅមូលដ្ឋានត្រូវយកចិត្តទុកដាក់គោរពអនុវត្តច្បាប់របស់រដ្ឋចូលរួមចំណែកក្នុងការកសាងភូមិ ឃុំ រឹងមាំ រីកចម្រើនឆ្លើយតបទៅតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថភាព របស់រាជរដ្ឋាភិបាល។
ជាចុងក្រោយ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានមានប្រសាសន៍ទៅកាន់បងប្អូនយោធិនចូលនិវត្តន៍ ដោយលើកឡើងអំពីការផ្សាភ្ជាប់មនោសញ្ចេតនាគោរពរាប់អាន និងបន្តទំនាក់ទំនងជាប់ជាប្រចាំរវាងអង្គភាព និងបាននាំយកនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិនចូលសោធននិវត្តន៍ ក្នុងម្នាក់ៗ ចំនួន ២០០.០០០រៀល ក្នុងនោះបញ្ជាការដ្ឋានយោធភូមិភាពពិសេស បានឧបត្ថម្ភជូនក្នុងម្នាក់ៗមាន៖ អង្ករចំនួន ១ការ៉ុង; ត្រីខ; ទឹកត្រី; ទឹកស៊ីអ៊ីវ; មី និងថវិកាចំនួន ២០០.០០០៛ ៕