កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្រោមកិច្ចយកទុកដាក់របស់ រាជរដ្ឋា ភិបាលក្នុងការជំរុញការនាំចេញអង្ករ តាមរយៈការ សហការ គាំទ្រដោយ សហគ្រិនខ្មែរ Khmer Enterprise នៃក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ទីភ្នាក់ងារសហរដ្ឋអា មេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងហាវែស III Cambodia Harvest III សហព័ន្ធ ស្រូវអង្ករកម្ពុជា ដឹកនាំក្រុមហ៊ុន នាំចេញចំនួន ១២ទៅ ចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមាន គុណភាព ល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភព លោក នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris លើកនេះ គឺជាការចូលរួមលើកទី២ របស់សហព័ន្ធស្រូវអង្ករកម្ពុជានិងបានរៀប ចំនូវពន្លាជាតិ មួយយ៉ាងស្រស់ស្អាតទំហំ ៨០ ម៉ែត្រការ៉េ បន្ទាប់ពីការ ចូលរួមលើកទី១ នៅក្នុងឆ្នាំ២០១៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសរំលេចថា គោលបំណងនៃការចូលរួមព្រឹត្តិការណ៍តាំង ពិរព័រណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារដែលស្របទៅតាមគោលនយោបាលរបស់រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មវិទ្យា សាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងលក្ខខណ្ឌ សុវត្ថិ ភាព ចំណីអាហារ និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងការជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវ តាមទីផ្សារ។
អស់រយៈពេល៦០ឆ្នាំមកហើយ ព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris បានក្លាយជាវេទិកាមួយសម្រាប់ ឧស្សាហកម្មម្ហូប អាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការ ច្នៃប្រឌិត។
ប្រទេសកម្ពុជាវិញ សម្រាប់តែប្រភេទ ស្រូវ «ផ្ការំដួល» គឺជាពូជស្រូវ ក្រអូបដែលត្រូវបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនប្រជា កសិករ ប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ ១៩៩៩ បន្ទាប់ពីបានសិក្សា និងពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំក្រោមកិច្ច គាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសរដ្ឋាភិបាល អូស្ត្រាលី រហូតទទួល បានមោទនភាពលើឆាកអន្តរជាតិក្នុងនាមជាអង្ករកម្ពុជាដែលល្អដាច់គេបំផុតជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំ នៅខេត្តភូកេត ប្រទេសថៃ៕