សម្តេចធិបតី អំពាវនាវដល់យុវជនកាកបាទក្រហមកម្ពុជា ត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់យុវជនកាកបាទក្រហមកម្ពុជា រៀនគិតពិចារណាស្រាវជ្រាវឱ្យបានល្អិតល្អន់មុនជឿលើរឿងអ្វីមួយ។ ត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម។
សម្តេចធិបតី បានបន្តអំពាវនាវដល់យុវជនលើកតម្កើងគំនិតវិជ្ជមាន កុំអង្គុយខ្វល់នឹងគេចង់ធ្វើអ្វីមកលើយើង ឬទៅរកវិធីបំផ្លាញគេ គឺត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ពង្រឹងសាមគ្គី ប្រឹងប្រែងផលិត បង្កើត និងផ្សព្វផ្សាយអ្វីដែលខ្លួនមាន។
សម្តេចធិបតី បានថ្លែងថា ក្នុងឋានៈសម្តេចជានាយករដ្ឋមន្ត្រី សម្តេចមិនបានចាប់អារម្មណ៍នឹងការវាយប្រហារនោះឡើយ តែសម្តេចយកចិត្តទុកដាក់លើការងារដែលត្រូវធ្វើដើម្បីបានជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ៕