ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់អំពីដំណើរអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូណេស៊ី របស់សម្តេចធីបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
ក្នុងឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី Joko Widodo សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ឯកឧត្តម Prabowo Subianto (ប្រា-បូ-រ៉ូ ស៊ូ-ប៊ី-យ៉ាន-តូ) ជាប្រធានាធិបតីថ្មី និងឯកឧត្តម Gibran Rakabuming Raka (ជី-បាន រ៉ា-ខា-ប៊ូ-មីង រ៉ា-ខា) ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
ដំណើរអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះ នឹងបង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។
គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញអមដំណើរសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក្នុងឱកាសនេះរួមមាន៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស, លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនឹងឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្រៅពីការចូលរួមកម្មវិធីខាងលើ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏និងមានជំនួបទ្វេភាគីជាមួយ ឥស្សរជនបរទេសមួយចំនួនផងដែរ។
តាមការគ្រោងទុក សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ៕