នាយករដ្ឋមន្រ្តីថៃ ចង់រៀបចំតន្រីខ្នាតពិភពលោក អញ្ជើញតារាល្បីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ
នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចង់ឱ្យប្រទេសខ្លួនរៀបចំតន្រ្តីខ្នាតពិភពលោក និងអញ្ជើញតារាល្បីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១៦ ខែតុលា។
ចាំតាំងពីវត្តមានតារាចម្រៀង Taylor Swift នៅសិង្ហបុរី ថៃបានស្វះស្វែងរកការប្រគុំតន្រ្តីខ្នាតពិភពលោក ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ និងរកចំណូលប្រទេស។
តាមការបញ្ជាក់របស់អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តី លោកស្រីផែថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ និងកីឡាថៃ ស្វែងរកវិធីសាស្រ្តរួមគ្នា ដើម្បីអនុវត្ត «យុទ្ធនាការតន្រ្តីថៃ» ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍។
«ក្រសួងទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ និងកីឡាថៃ នឹងដឹកនាំការរៀបចំតន្រ្តីផ្តាច់មុខដ៏ធំ ដែលមិនមានរៀបចំនៅទីណាទាំងអស់»។ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីថៃ លោក Jirayu Huangsab អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ ដោយបន្តថា វានឹងក្លាយជាការប្រគុំតន្រ្តីដ៏អស្ចារ្យ។
បើតាមមន្រ្តីរូបនេះ ការរៀបចំតន្រ្តីដ៏ធំ នឹងទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល តាមរយៈការប្រើប្រាស់ថវិកាជាតិឆ្នាំ២០២៥ និងឆ្នាំ២០២៦។
ដើម្បីរៀបចំការប្រគុំតន្រ្តីបែបនេះបាន លោកស្រីនាយករដ្ឋមន្រ្តី បានប្រាប់ឱ្យអាជ្ញាធររៀបចំសាលសម្រាប់តន្រ្តីឱ្យបានសមរម្យ ហើយវាអាចរៀបចំនៅក្រុងបាងកក ឬទីក្រុងសំខាន់ៗផ្សេងទៀត៕