រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យការដ្ឋានសាងសង់គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមឥណទានកម្ចីសម្បទាន ពីប្រទេសកូរ៉េ
ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជានាយករងគម្រោង រួមជាមួយលោកសាស្ត្រាចារ្យជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុមការងារបច្ចេកទេសអនុវត្តគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ តំណាងក្រុមហ៊ុនសាងសង់កូរ៉េ បានចុះពិនិត្យទីតាំងសាងសង់ត្រៀមការរៀបចំពិធីបញ្ចុះបឋមសិលាបើកការ ដ្ឋានរបស់គម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមឥណទានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុនសាងសង់ ដែលបានចាប់ផ្តើមដំណើរការរៀបចំភ្លាមៗ បន្ទាប់ពីបានទទួលសិទ្ធក្នុងការអនុវត្តគម្រោង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្នុងការរៀបចំសំអាតការដ្ឋាន និងការរៀបចំផ្សេងៗទៀត ដើម្បីសម្រួលដំណើរការសាងសង់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យបន្តកិច្ចសហការនេះក្នុងការអនុវត្តគម្រោង ឱ្យសម្រេចបានលទ្ធផលល្អប្រសើរតាមកាលបរិច្ឆេទកំណត់ ៕