គណៈប្រតិភូសភាកម្ពុជា ជោគជ័យការពារសេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរដែលខ្លួនជាសហគាំទ្រ ទទួលបានការអនុម័តគាំទ្រពីកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា
ភ្នំពេញ៖ ជាជោគជ័យធំមួយរបស់គណៈប្រតិភូសភាកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចរបស់អាយប៉ាលើកទី៤៥ គឺសេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរ ដែលសភាកម្ពុជាបានធ្វើជាសហគាំទ្រ ត្រូវបានកិច្ចប្រជុំអនុម័តគាំទ្រ។
សេចក្តីព្រាងសេចក្តីសម្រេចទាំងពីរនោះមាន៖
-សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ជំរុញការគ្រប់គ្រងថ្នាំជក់ និងនីកូទីនក្នុងអាស៊ាន» សភាកម្ពុជាជាសហគំាទ្រជាមួយសភាម្ចាស់ផ្ទះឡាវ និងរដ្ឋសភាសភាវៀតណាម។
-សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីហប្រតិបត្តិការសម្រាប់ជំរុញការគ្រប់គ្រងថ្នាំជក់ និងនីកូទីនក្នុងអាស៊ាន សភាកម្ពុជា ជាសហគាំទ្រជាមួយសភាឡាវ។
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រដ្ឋសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា មាន ឯកឧត្តម អាយ ខន សមាជិកគណៈកម្មការទី៦នៃព្រឹទ្ធសភា និងឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការទី៨ បានបានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការសង្គមកិច្ចរបស់អាយប៉ាលើកទី៤៥ ហើយបានបញ្ចេញយោបល់ការពារសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ រហូតទទួលបានការគាំពីកិច្ចប្រជុំ។
សូមជម្រាបថា សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការជំរុញការឆ្លើយតបរបស់សភាទៅនឹងយេនឌ័រសម្រាប់ភាពធន់ ការតភ្ជាប់ និងបរិយាបន្នរបស់សហគមន៍អាស៊ាន បានលើកឡើងពីការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី ដូចដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ រួមទាំងអនុសញ្ញាឆ្នាំ១៩៧៩ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ១៩៩៣ ស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី (DEVAW) និងសេចក្តីថ្លែងការណ៍ និងវេទិកាសកម្មភាពទីក្រុងប៉េកាំងឆ្នាំ១៩៩៥។ សេចក្តីព្រាងសេចក្តីសម្រេចបាន បង្ហាញពីការប្តេជ្ញាចិត្តដើម្បីធានាឱ្យស្ត្រីមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាព និងឱកាសស្មើគ្នាសម្រាប់ភាពជាអ្នកដឹកនាំនៅគ្រប់កម្រិតនៃការសម្រេចចិត្តក្នុងជីវិតនយោបាយ សេដ្ឋកិច្ច និងសាធារណៈ ដូចដែលបានរៀបរាប់នៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសកំណត់គោលដៅ៥.៥ នៃគោលដៅទី៥ (SDG 5) ដែលមានគោលបំណងសម្រេចបាននូវសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់ ៕