សម្តេចធិបតី សង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានការចូលរួមប្រកួតក្បាច់គុណនៅកម្ពុជា កាន់តែច្រើនជាងឆ្នាំនេះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា នៅឆ្នាំក្រោយនេះ នឹងមានការចូលរួមប្រកួតក្បាច់គុណនៅកម្ពុជា កាន់តែច្រើនជាងឆ្នាំនេះថែមទៀត។
សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចបវរធិបតី បានថ្លែងនូវការកោតសរសើរគណៈកម្មការរៀបចំ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ហើយសង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានការចូលរួមប្រកួតច្រើនជាងនេះថែមទៀត។
សម្តេចបវរធិបតី បានថ្លែងថា ទោះបីជារយៈពេល៣ថ្ងៃមកនេះ សម្តេចមិនបានតាមដានផ្ទាល់ ប៉ុន្តែសម្តេចបានមើលតាមរយៈការ Live ផ្ទាល់ជាប់រហូត។ សម្តេចបន្តថា ការរៀបចំការប្រកួតយុទ្ធជននេះ ជាការបង្ហាញក្បាច់គុនសម្បូរបែបរបស់កម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅម៉ោងនេះ កម្ពុជាកំពុងបង្ហាញក្បាច់គុនល្បុក្កតោកម្ពុជា នៅខេត្តហឺណាន ប្រទេសចិន ដែលការបង្ហាញនេះ មិនមែនសម្រាប់ដែលក្នុងប្រទេសទេ ប៉ុន្តែបង្ហាញដល់អន្តរជាតិថែមទៀត ៕