សម្តេចធិបតី៖ ខ្ញុំមានបំណងចង់បង្កើតក្លឹបមួយ បង្ហាត់គុនយុទ្ធគុនចម្រុះខ្មែរបុរាណ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចមានបំណងចង់បង្កើតក្លឹបមួយ បង្ហាត់គុនយុទ្ធគុនចម្រុះខ្មែរបុរាណ។
ក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី បានមានប្រសាសន៍ថា ថ្ងៃមុនសម្តេចបានពិភាក្សាគ្នាដែរថា ចង់បង្កើតក្លឹបមួយនៅកម្ពុជា ដើម្បីផ្តល់ឱកាសឲ្យខ្មែរ និងបរទេសក៏អាចមកហាត់បាននៅកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចមានក្ដីរំភើបស្ទើស្រក់ទឹកភ្នែកក្រោយបានឃើញក្រុមកីឡាករកីឡាការិនីបានខិតខំរួមគ្នាបង្កើតគំនិតច្នៃប្រឌិតក្នុងការសម្ដែងគុនខ្មែរចម្រុះដែលមានភាពទាក់ទាញ ហើយបានប្រកាន់ភ្ជាប់នូវវប្បធម៌ ប្រពៃណីជាតិខ្មែរជាចំបង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យគុនខ្មែរបន្តរួបរួមគ្នាចងក្រងគុនខ្មែរទុកឱ្យកូនចៅជំនាន់ក្រោយ។ សម្ដេចបានជំរុញឱ្យបន្តរួមគ្នាជំរុញផ្សព្វផ្សាយគុនខ្មែរនេះឱ្យបានទូលំទូលាយឱ្យបានច្រើនថែមទៀត ៕