រដ្ឋលេខាធិការ ក្រសួងសាធារណការ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនឹង P4I និង Austroads ដើម្បីធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសផ្លូវថ្នល់នៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនឹង P4I និង Austroads ដើម្បីធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសផ្លូវថ្នល់នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី និងមន្ត្រីជំនាញពាក់ព័ន្ធប្រមាណ៣០០នាក់ផងដែរ។
កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្ដល់ឱកាសដល់អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ពិនិត្យមើលឡើងវិញនូវបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ដែលកំពុងរៀបចំ ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យសមស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន។
ជាមួយគ្នានោះដែរ ចំណុចដែលលើកយកមកពិភាក្សា និងធ្វើបទបង្ហាញ មានចំនួន៧ផ្នែកគឺ ៖ ១). ធរណីមាត្រផ្លូវថ្នល់, ២). ការរចនាស្ពាន, ៣). ប្រព័ន្ធរំដោះទឹក, ៤). សញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍, ៥). ដំណោះស្រាយគ្រោះថ្នាក់ចរាចរណ៍, ៦). វិធីសាស្រ្ដធ្វើតេស្តផ្លូវថ្នល់ និង៧). បទដ្ឋានសំណង់ ដើម្បីឆ្លើយតបនឹងចរាចរណ៍ដែលកំពុងកើនឡើង ហើយធានាបាននូវការប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព ៕