ក្រសួងធម្មការ សហការជាមួយអង្គការ Danmission ធ្វើសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា នៅខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការ ឯកឧត្តម ឃី រតនៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង លោក ភីតធើ ហៀរម ប្រធានអង្គការ Danmission ប្រចាំនៅកម្ពុជា លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកនាយក នាយករង រដ្ឋបាល និងនាយក នាយករងទីចាត់ការ នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរជំនាញ ព្រះសង្ឃ អ៉ីម៊ាំស្រុក លោកគ្រូគង្វាល តំណាងមេដឹកនាំសាសនា អាជ្ញាធរក្រុងស្រុកទាំង៧ យុវជនសមាគមក្មេងវត្ត យុវជនសមាគមទិសអាគ្នេយ៍ យុវជនស.ស.យ.ក យុវជនកាយរឹទ្ធិ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក ភីតធើ ហៀរម ប្រធាន អង្គការ Danmission ប្រចាំនៅកម្ពុជា បានឲ្យដឹងថា សិក្ខាសាលានាពេលនេះ ដើម្បីផ្សព្វផ្សាយជ្រួតជ្រាប ទៅដល់សហគមន៍ទេសចរណ៍ ក៏ដូចជាការការពារបរិស្ថាន និងផ្តល់សារៈសំខាន់មិនត្រឹមតែសម្រាប់ក្រុមសាសនា មួយប៉ុណ្ណោះទេ តែសម្រាប់ទាំងអស់គ្នា។
លោកបន្តថា សហគមន៍ព្រះពុទ្ធសាសនា ឥស្លាម សាសនា គ្រីស្តសាសនា និងជំនឿផ្សេងៗ បានលើកទឹកចិត្តជាយូរមកហើយឱ្យមានការការពារធនធានធម្មជាតិ។
ថ្លែងសុន្ទរកថា បើកសិក្ខាសាលា ឯកឧត្តម ឃី រតនៈ បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណង ៣សំខាន់គឺ៖ ទី១.ផ្ដោតទៅលើការផ្សព្វផ្សាយអំពីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា ដល់សហគមន៍អន្តរជំនឿ និងសាសនានៅកម្ពុជា, ទី២.ការចូលរួមចំណែកដើម្បីសម្រេចបានផែនការយុទ្ធសាស្ត្រ និងកម្មវិធីសុខដុមនីយកម្មសាសនា របស់ក្រសួង និងទី៣.ការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិជំនឿ-សាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងលើកកម្ពស់វិស័យទេសចរសាសនា នៅតាមបណ្ដារាជធានី-ខេត្ត។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ពេលនេះ ក្រសួងធម្មការ និងសាសនា បានរៀបចំកម្មវិធីជាច្រើន មានដូចជា កម្មវិធីសំណេះសំណាលជាមួយសហគមន៍សាសនាគ្រិស្ត សាសនាឥស្លាម និងសំណេះសំណាលជាមួយអាចារ្យ និងអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃនៅទូទាំងប្រទេសជាដើម។
ឯកឧត្តម សាយ អំណាន បានគូសបញ្ជាក់បន្ថែមថា ការចូលរួមនៅថ្ងៃនេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវការចូលរួមរបស់គ្រប់សាសនានៅកម្ពុជា ក្នុងកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា។ តាមរយៈ អង្គសិក្ខាសាលានៅថ្ងៃនេះ នឹងផ្ដោតការពិភាក្សាផ្លាស់ប្ដូរទស្សនៈ មតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ក្នុងការជំរុញការអនុវត្ត និងការដាក់ចេញនូវវិធានការណ៍ ឬយន្តការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីអនុវត្តន៍ឱ្យសមស្រប និងទទួលបានលទ្ធផល ទៅតាមការវិវត្តន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទួយសុខដុមនីយកម្មសាសនា និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។
ជាចុងបញ្ចប់សិក្ខាសាលា គណៈអធិបតី និងអង្គការម្ចាស់ជំនួយ ព្រមទាំងសិក្ខាកាមទាំងអស់ បានចូលរួមដាំកូនឈើរួមគ្នា នៅទីតាំងសួនច្បារ ខាងមុខអាគារផ្ទះស្នាក់មន្ត្រី ក្នុងតំបន់រដ្ឋបាលខេត្តផងដែរ ៕