USAID ផ្តល់ជំនួយជាមូលនិធិដល់កម្ពុជាជាង ១៧លានដុល្លារ លើគម្រោងថ្មីៗមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន សកម្មភាពដោះមីន និងប្រយុទ្ធប្រឆាំងជាមួយជំងឺរបេង
ភ្នំពេញ៖ ទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាម៉េរិក ហៅកាត់ថា USAID បានប្រកាសផ្តល់ជំនួយជាមូលនិធិដល់កម្ពុជាប្រមាណជាង ១៧លានដុល្លារ លើគម្រោងថ្មីៗមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន សកម្មភាពដោះមីន និងប្រយុទ្ធប្រឆាំងជាមួយជំងឺរបេង សម្រាប់រយៈពេល៥ឆ្នាំ។
តាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃ២២ ខែតុលា ឆ្នាំ២០២៤ នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាម៉េរិក (USAID) លោកស្រី Samantha Power បានឱ្យដឹងថា ដំបូងលោកស្រី បានប្រកាសពីគម្រោងរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ដែលជំងឺនេះបានសម្លាប់មនុស្សរាប់ពាន់នាក់នៅកម្ពុជាជារៀងរាល់ឆ្នាំ។
លោកស្រី បានបន្តថា USAID សន្យាផ្តល់មូលនិធិចំនួន៤លានដុល្លារ សម្រាប់ឆ្នាំដំបូងនៃគម្រោងនេះ ដោយ USAID នឹងសហការជាមួយកម្ពុជាដើម្បីលើកកម្ពស់ការរុករកករណីរោគរបេងសកម្ម ដោយធ្វើការជាមួយសហគមន៍ក្នុងមូលដ្ឋាន ដើម្បីកែលម្អការត្រួតពិនិត្យ និងការធ្វើរោគវិនិច្ឆ័យលើជំងឺរបេង កែលម្អការរាយការណ៍តាមប្រព័ន្ធឌីជីថលនៃករណីជំងឺរបេង និងបង្កើនការទទួលបានការបង្ការ និងការថែទាំជំងឺនេះ។
មួយវិញទៀត លោកស្រី ក៏បានប្រកាសអំពីការសន្យាផ្តល់មូលនិធិចំនួនជាង១លានដុល្លារ សម្រាប់ការងារសហការជាមួយនឹងអង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដោយការសហការនេះ រួមមាន ការគាំទ្រការអង្កេតថ្នាក់ជាតិដំបូង ដើម្បីវាយតម្លៃកម្រិតនៃធាតុដែកធ្ងន់ ដូចជាជាតិសំណ និងជាតិអាសេនិក ក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ ក្នុងបរិស្ថាន និងផលិតផលផ្សេងៗ។ លទ្ធផលនៃការអង្កេតនេះ នឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើការសម្រេចចិត្តដោយផ្អែកលើភស្តុតាង ដើម្បីកែលម្អគោលនយោបាយ ស្តង់ដារ និងបទបញ្ជាទាក់ទងនឹងសារធាតុលោហៈធ្ងន់ៗ ដើម្បីឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ ហើយអាចបំពេញការងារដោយពេញលេញ។ ដោយឡែក ចុងក្រោយលោកស្រីប្រកាសផ្តល់មូលនិធិចំនួន១២លានដុល្លារ ដើម្បីគាំទ្រសកម្មភាពដោះមីន រួមទាំងការបោសសម្អាតគ្រាប់មីន និងការអប់រំអំពីគ្រោះថ្នាក់សម្រាប់សហគមន៍មូលដ្ឋានផងដែរ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ដៃគូរបស់សហរដ្ឋអាម៉េរិកបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះបានចំនួនជាង១,៥លាន នៅលើទំហំផ្ទៃដីប្រមាណ២៣ម៉ឺនហិកតា នៅប្រទេសកម្ពុជា ហើយការបន្តការងារនេះនឹងជួយសង្គ្រោះជីវិត និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាព ហើយប្រជាជនមានសុខភាពល្អ។ ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពនៅកម្ពុជា គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក នៅតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក។ មនុស្សទាំងអស់គ្នាមានសុវត្ថិភាពកាន់តែច្រើន នៅពេលដែលជំងឺឆ្លងដូចជាជំងឺរបេងមានកម្រិតទាប ហើយនឹងកាន់តែរឹងមាំ នៅពេលទទួលបានការថែទាំសុខភាពដោយស្មើភាពគ្នា។ ការវិនិយោគទាំងនេះជំរុញផលប្រយោជន៍រួមរបស់យើង ហើយវាបង្ហាញពីភាពជាដៃគូជ្រាលជ្រៅរវាង USAID និងប្រជាជនកម្ពុជា ៕