នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កត្តាកំណត់ភាពជោគជ័យ គឺលទ្ធផលជាក់ស្តែងនៅលើដី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនត្រឹមតែផែនការនោះទេ គឺជាសមិទ្ធផលជាក់ស្តែងនៅលើដី ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់អូរតេធិបតី ដែលជាសមិទ្ធផលថ្មីមួយទៀត លើទឹកដីនៃខេត្តមណ្ឌលគិរី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនបានតែនៅរូបភាព នៅលើក្រដាស់ និងលើហ្វេសប៊ុកនោះទេ គឺផលជាក់ស្តែងនៅលើដីសម្រាប់ប្រជាពលរដ្ឋ បានទទួលយ៉ាងពិតប្រាកដ ជាក់ស្តែងដូចជាការសម្ពោធ ទំនប់អូរតេធិបតីនេះជាដើម ហើយនេះគឺជាអ្វីដែលយើងត្រូវតែខិតខំជម្រុញបន្តទៅមុខទៀត ដែលជាលទ្ធផលនៅលើដីសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាក់ស្តែង។
សម្តេចមហាបវរធិបតី បញ្ជាក់ទៀតថា ទោះបីជាសមិទ្ធផលទាំងនេះនៅមិនគ្រប់សម្រាប់ប្រជាពលរដ្ឋ តែយើងគឺត្រូវតែទទួលស្គាល់នូវការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ហើយបើទោះបីជាសមិទ្ធផលទាំងនោះមិនអាចគ្រប់តម្រូវការ តែរាជរដ្ឋាភិបាលក៏មិនបាននៅស្ងៀមនោះដែរ គឺបានបន្តធ្វើនឹងដោះស្រាយនៅគ្រប់វិស័យទាំងអស់ជូនប្រជាពលរដ្ឋ ៕