អ៊ុយក្រែន អំពាវនាវឲ្យទាហានកូរ៉េខាងជើង ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ទម្លាក់អាវុធចុះ
កៀវ៖ កាលពីថ្ងៃពុធ ទី២៣ ខែតុលា អ៊ុយក្រែនបានចេញមុខអំពាវនាវទៅកាន់ ទាហានកូរ៉េខាងជើងនានា ដែលត្រូវបានពង្រាយ ដើម្បីជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ឱ្យពួកគេទម្លាក់អាវុធចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សេចក្តីថ្លែងការណ៍មួយ របស់បណ្តាញស៉ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន បាននិយាយដូច្នេះថា «យើងសូមផ្ញើសារទៅកាន់ ទាហានទាំងអស់នៃកងទ័ពប្រជាជនកូរ៉េ ដែលត្រូវបានបញ្ជូនទៅជួយរបបលោក ពូទីន។ ដាច់ខាត ពួកអ្នកមិនត្រូវស្លាប់ឥតប្រយោជន៍ នៅលើទឹកដីប្រទេសដទៃឡើយ។ អ្នកទាំងអស់គ្នា មិនត្រូវដើរតាមជោគវាសនា របស់ទាហានរុស្ស៉ីរាប់សិបម៉ឺននាក់ ដែលគ្មានថ្ងៃនឹងបានវិលត្រឡប់ទៅផ្ទះវិញ នោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃដដែល សហរដ្ឋអាមេរិក បាននិយាយថា មានទាហានកូរ៉េខាងជើង យ៉ាងហោច៣,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៉ី ហើយកំពុងតែទទួល ការហ្វឹកហាត់នៅទីនោះ។ ទីក្រុងវ៉ាស៉ីនតោន បានព្រមានថា ពួកគេនឹងក្លាយជាគោលដៅស្របច្បាប់ សម្រាប់ឱ្យទីក្រុងកៀវវាយប្រហារ ប្រសិនបើពួកគេហ៊ានចូលរួមប្រយុទ្ធ ក្នុងសមរភូមិនៅអ៊ុយក្រែន៕