អាមេរិក៖ ទាហានកូរ៉េខាងជើង នឹងក្លាយជាគោលដៅស្របច្បាប់ ដើម្បីវាយប្រហារ ប្រសិនបើហ៊ានពាក់ព័ន្ធជម្លោះនៅអ៊ុយក្រែន
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានប្រកាសថា ប្រសិនបើទាហាន កូរ៉េខាងជើង ចូលទៅក្នុងជម្លោះអ៊ុយក្រែន ជំនួសឲ្យភាគីរុស្ស៊ី ពួកគេនឹងក្លាយទៅជា គោលដៅវាយប្រហារយោធាស្របច្បាប់ សម្រាប់កងកម្លាំងរបស់ទីក្រុងគៀវ ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាង កាលពីថ្ងៃពុធថា បច្ចុប្បន្នមានទាហានកូរ៉េខាងជើង មិនស្គាល់ចំនួននៅក្នុងប្រទេសរុស្ស៊ី ហើយថាមន្ទីរបញ្ចកោណមិនដឹងថា ពួកគេកំពុងធ្វើអ្វីពិតប្រាកដនោះដែរ។
លោក Austin បានបន្ថែមថា វានឹងក្លាយជា បញ្ហាធ្ងន់ធ្ងរ ប្រសិនបើកូរ៉េខាងជើងមានបំណង ចូលរួមក្នុងសង្គ្រាមនេះ ក្នុងនាមឲ្យប្រទេសរុស្ស៊ី។
នៅក្នុងបទសម្ភាសន៍មួយ នៅពេលក្រោយនៅរសៀលថ្ងៃពុធ លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា យ៉ាងហោចណាស់ទាហាន កូរ៉េខាងជើង៣,០០០នាក់បានចូលទៅភាគខាងកើតប្រទេសរុស្ស៊ី កាលពីដើមខែនេះ ហើយចាប់តាំងពីពេលនោះ មកត្រូវបានបញ្ជូនទៅកាន់កន្លែង ហ្វឹកហាត់រុស្ស៊ីជាច្រើនជាបន្តបន្ទាប់ ។
លោក Kirby ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកមិនដឹងថា តើការបណ្តុះបណ្តាលប្រភេទណា ដែលទាហានទាំងនេះត្រូវបានគេសន្មត់ថា បានទទួលនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានប៉ាន់ស្មានថា ពួកគេអាច ធ្វើដំណើរទៅកាន់ ភាគខាងលិចនៃប្រទេសរុស្ស៊ី ហើយបន្ទាប់មកចូលរួម នៅក្នុងការប្រយុទ្ធប្រឆាំង នឹងយោធាអ៊ុយក្រែនជាមិនខាន ៕