មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋ គឺមិនទទួលបានជោគជ័យឡើយ
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋនោះទេ គឺមិនទទួលបានជោគជ័យឡើយ។
ការលើកឡើងរបស់ ឯកឧត្តមសន្តិបណ្ឌិត នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។
ឯកឧត្តម អភិបាលរាជធានី បន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរក្សាបាននៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសបានកើតមានចំនួន ២៤៩លើក/២៦៤ករណី គឺថយចុះ ១៥ករណី។ក្នុងនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានម្ចាស់ការ បង្ក្រាបបទល្មើសបានសរុប ២៣១ករណី ពិសេសថែមទៀតនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចូលរួមទប់ស្កាត់ ព្រឹត្តការណ៍ថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ថ្មីៗនេះ។
ឯកឧត្ដម អភិបាលរាជធានី បញ្ជាក់ថា ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្ត្រ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ សំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ទាំងផ្នែករដ្ឋបាលស៊ីវិល និងទាំងផ្នែកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យកាន់តែយល់ច្បាប់ពីគោលការណ៍ដឹកនាំ បញ្ជា នីតិវិធី និងការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨នេះ ធ្វើឡើង ខណៈដែលការងារនេះរដ្ឋបាលស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាននិងកំពុងអនុវត្តការងារនេះបានយ៉ាងល្អ ១០០% នៅភ្នំពេញ។ ឯកឧត្តម ថា «គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនទទួលបានជោគជ័យឡើយ»។
ឯកឧត្តមសន្តិបណ្ឌិត បញ្ជាក់ថា សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា «ប្រហែសបាត់ ប្រយ័ត្នគង់»៕