អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ពលរដ្ឋ
ភ្នំពេញ៖ បញ្ហាទឹក ផ្លូវ ភ្លើង បរិស្ថាន ទំនាស់ដីធ្លី និងបទល្មើសនេសាទ នៅតែមានជាតំរូវការ សំណើរ និងសំណូមពររបស់ប្រជាពលរស់នៅស្រុកពញាឮ ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី១ ជាមួយប្រជាពលរដ្ឋ នៅស្រុកពញាឮ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ឯកឧត្តម នូ សាខន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នេះ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។
ឯកឧត្តម បន្តថា វេទិកានេះផ្ដល់ឱកាសឱ្យ ប្រជាពលរដ្ឋ បានលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាល ឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ស្របទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ កាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋនៅស្រុកពញាឮ ប្រជាពលរដ្ឋ បានលើកឡើងលើកបញ្ហាកង្វះទឹកស្អាត ស្នើសុំជួសជុលផ្លូវ ស្នើសុំផ្លូវបេតុង ស្នើសុំលូរំដោះទឹក បញ្ហាទំនាស់ដីធ្លី ការទុកដាក់សំរាមបង្កក្លិនដល់ប្រជាពលរដ្ឋ បទល្មើសនេសាទ និងស្នើសុំដាក់បង្គោលភ្លើង ព្រមទាំងរៀបចំខ្សែឱ្យមានរបៀបរៀបរយ សរុបចំនួន ៥០សំណើ និងសំណូមពរ។
មានប្រសាសន៍ក្នុងវេទិកាផ្សព្វផ្សាយ និងពីព្រោះយោបល់នេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា បានថ្លែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកពញាឮ ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយកាយចូលចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការដោះស្រាយនូវសំណាល និងសំណូមពរមួយចំនួនជាក់ស្ដែង នៅសល់មួយចំនួនទៀត ទទួលយកដើម្បីពិនិត្យនិងដោះស្រាយបន្ត ៕