លោកជំទាវរដ្ឋលេខាធិការក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ ដើម្បីទទួលការណែនាំអំពីការងារទូទៅ សន្តិសុខ សណ្តាប់ធ្នាប់ ប្លង់កៅអីអង្គុយ និងការទទួលប័ណ្ណចូលរួមពិធីបើក នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ ស្នងការនគរបាល ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងសហព័ន្ធ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។
លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងខ្នះខ្នែង ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការពន្លឿនវឌ្ឍនភាពការងារ និងត្រៀមខ្លួនរៀបចំការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ។
លោកជំទាវ ក៏បានស្នើក្រុមការងារត្រូវមានស្មាតីទទួលខុស ខ្ពស់ ជាពិសេសផែនប្លង់កៅអីអង្គុយ នៅក្នុងពិធីបើក ហាមដាច់ខាត់នាំយកមកជាមួយនូវវត្ថុដែលមានការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់នានា ក្នុងពេលពិធីបើក និងស្នើក្រុមការងារពាក់ព័ន្ធ បន្ថែមការយកចិត្តទុកដាក់លើការរៀបចំពិធីបើកឱ្យមានលក្ខណៈអធិកអធម។
ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”។ ក្នុងកម្មវិធីកីឡាជាតិលើកទី៤ នេះផងដែរបានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ប្រភេទកីឡា លើ ៥៥វិញ្ញាសា និងមានការចូលរួមចុះឈ្មោះប្រកួតពី ២៥រាជធានី-ខេត្ត និងក្រសួងចំនួន០៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាចក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបិទផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕