ព្យុះត្រូពិច Trami បង្កការបំផ្លិចបំផ្លាញនៅប្រទេសហ្វីលីពីន និងសម្លាប់មនុស្សយ៉ាងតិច ២៦នាក់
បរទេស៖ ក្រុមមន្ត្រីបានឲ្យដឹងថា ព្យុះត្រូពិច Trami បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦នាក់ និងបានបង្ខំមនុស្សជិត ២៤០,០០០នាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងនៅក្នុងប្រទេសហ្វីលីពីន ខណៈដែលវាបានបោកបក់មកលើឆ្នេរសមុទ្រភាគឦសាន។
ព្យុះត្រូពិច Trami ដែលគេស្គាល់ថាជាព្យុះត្រូពិចធ្ងន់ធ្ងរ Kristine បានទម្លាក់ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅលើកោះ Luzon ដែលបង្កឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងរាលដាល។
ទីភ្នាក់ងារអាកាសធាតុរដ្ឋបានឲ្យដឹងថា ជាមួយនឹងកម្លាំងខ្យល់អតិបរមា ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆ្លងកាត់តំបន់ភ្នំភាគខាងជើងនៃ Cordillera ឆ្ពោះទៅសមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារអាកាសធាតុបានព្រមានពីភ្លៀងធ្លាក់ខ្លាំងដល់ខ្លាំង ទឹកជំនន់ ការបាក់ដី និងខ្យល់ព្យុះសម្រាប់ខេត្តភាគខាងជើងមួយចំនួន។
មន្ត្រីបានបញ្ជាក់ថា ភាគច្រើននៃអ្នកស្លាប់ដោយសារព្យុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺដោយសារតែការលង់ទឹក និងការរអិលបាក់ដីនៅក្នុងតំបន់ Bicol កណ្តាល រួមទាំងទីក្រុង Naga ដែលមានមនុស្ស ១៤នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍។
មនុស្ស ២០នាក់ទៀតត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅទូទាំងប្រទេសខណៈដែលក្រុមមន្ត្រីបានព្រមានថាប្រព័ន្ធអាកាសធាតុមានសក្តានុពលក្នុងការវិលត្រឡប់មកវិញនិងវាយលុកហ្វីលីពីនម្តងទៀតនៅសប្តាហ៍ក្រោយ។