ឆេះរោងចក្រ ផលិតក្រដាសកាតុង នៅសង្កាត់ចោមចៅទី២ អាជ្ញាធរប្រើប្រាស់ទឹកពន្លត់អស់ជិត២០០រថយន្ត ទើបរលត់ទៅវិញ
ភ្នំពេញ៖ រោងចក្រផលិតក្រដាសកាតុង យីហោ ជិន យូហ្វេង ភែកឃីង ខាថិន ឯ.ក ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតតាមផ្លូវបេតុង ភូមិស្រែជំរៅ សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាក្រោយទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន លោកបានបញ្ជាកងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដើម្បីទប់ស្កាត់ការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ខណៈប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៨គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់១៨០ឡាន។
ទោះយ៉ាងណា ជុំវិញករណីអគ្គិភ័យនេះ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ រូបនេះបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញរធ្វើការបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង ១១ៈ០០នាទីព្រឹកនាថ្ងៃដដែល។ ដោយឡែក ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនៅបន្ទប់ជាន់ឡៅតឿ នៃរោងចក្រផលិតក្រដាសកាតុងបង្កជាអគ្គិភ័យ៕