ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ ខៀវ ស៊ីណា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយលោកជំទាវ ខៀវ ស៊ីណា និងលោកជំទាវ ជា សិរី ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់រូបឯកឧត្តម ជា ចាន់តូ ដែលជា ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ។ ជាពិសេសជាការបាត់បង់នូវឥស្សរជនថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ដែលមានឆន្ទៈ មនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ព្រមទាំងបានបូជាកម្លាំងកាយចិត្ត បញ្ញា ស្មារតី និងលះបង់ពេលវេលា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ប្រកបដោយឧត្តមគតិខ្ពស់ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕