សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានចូលរួមពង្រឹងវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់ សម្ភារៈ សាលារៀន ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការអប់រំនៅកម្ពុជា ដែលបានចូលរួមពង្រឹងវិស័យអប់រំ និង ធនធានមនុស្សនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ សមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះគឺបង្ហាញនូវការរឹតចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន។
សម្តេចធិបតី បានថ្លែងបន្តថា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា បានផ្ដល់ផលប្រយោជន៍ជាខ្លាំងដល់សិស្សានុសិស្សនៅមូលដ្ឋាន។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយភាគីចិន ដើម្បីសម្រេចបានភាពជោគជ័យរួមទាំងអស់គ្នា ៕