នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានចូលរួមទប់ស្កាត់សកម្មភាពមួយចំនួនដែលនាំឲ្យអស្ថិរភាពសង្គម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចូលរួមទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលនាំឲ្យអស្ថិរភាពសង្គម ខណៈការចូលរួមនេះគឺជាការបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរក៏ដូចជាបងប្អូនប្រជាពលរដ្ឋស្រឡាញ់នូវសុខសន្តិភាព ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញអបអរសាទរ សមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកនូវគុណបំណាច់យ៉ាងធំធេងនៃសន្តិភាព ខណៈសន្តិភាពនេះហើយបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍលើគ្រប់ វិស័យជាបន្តបន្ទាប់ ហើយប្រសិនបើគ្មាននូវសុខសន្តិភាពនេះទេក៏យើងទាំងអស់គ្នាគ្មានឱកាសបានមកជួបជុំគ្នានាថ្ងៃនេះផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែការពារ និងថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបានបន្តទៀត និងត្រូវបន្តទប់ស្កាត់រាល់សកម្មភាពណា ដែលនាំឲ្យប្រទេសជាតិបាត់បង់នូវសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះផងដែរ ៕