ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ចើញដឹកនាំកិច្ចប្រជុំដើម្បីរៀបចំពិធីបុណ្យសព ឯកឧត្តម ជា ចាន់តូ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យសព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីរៀបចំពិធីបុណ្យសព ឯកឧត្តម ជា ចាន់តូ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា អនុគណៈកម្មការនានា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា៖យោងសេចក្តីសម្រេចលេខ១៩០រស ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្រេច ប្រការ១ ត្រូវបានបង្កើតគណៈកម្មការ និងអនុគណៈកម្មការនានា ដើម្បីរៀបចំពិធីបុណ្យសព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ក្នុងនីតិកាលទី៧នៃរដ្ឋសភា។
ឯកឧត្តម បានបន្តថាអនុគណៈកម្មការរួមមាន ក- ឣនុគណៈកម្មការរៀបចំបុណ្យសព ខ- អនុគណៈកម្មការទទួលបន្ទុកពិធីសាសនា ពិធីផ្លូវការនៅគេហដ្ឋាន និងពិធីដង្ហែរទៅឈាបនដ្ឋាន គ- អនុគណៈកម្មការទទួលបន្ទុកពិធីការ បដិសណ្ឋាកិច្ច និងព័ត៌មាន ឃ- អនុគណៈកម្មការផ្គត់ផ្គង់ និងសន្តិសុខ។
ឯកឧត្តម បានបន្ថែមទៀតថា អនុគណៈកម្មការទាំងអស់ត្រូវប្រជុំរៀបចំពិធីបុណ្យសព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ អោយបានល្អ និងសមស្របទៅតាមប្រពៃណីព្រះពុទ្ធសាសនាជាតិយើង។
សូមបញ្ជាក់ថា ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ៕