ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអនុវត្តរបស់គម្រោង CSLEP បានរៀបចំទស្សនកិច្ច សម្រាប់វិស័យឯកជន ទៅកាន់គោលដៅលំហែបៃតង នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» នៅខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងបរិស្ថាន តាមរយ:ក្រុមការងារអនុវត្តរបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP បានរៀបចំទស្សនកិច្ច (Familiarization Trip) សម្រាប់វិស័យឯកជន ទៅកាន់គោលដៅលំហែបៃតង នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» នៅខេត្តសៀមរាប ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់អំពីទីតាំងសក្តានុពល និងឱកាសក្នុងការអភិវឌ្ឍគម្រោងទេសចរណ៍ធម្មជាតិ នៃគោលដៅលំហែបៃតង នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ។
បន្ថែមពីនោះទៀត
កម្មវិធីនេះក៏ធ្វើឡើងដើម្បីភ្ជាប់បណ្តាញទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសហគមន៍មូលដ្ឋាន និងការគាំទ្រគោលនយោបាយ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តលើការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិក្នុងតំបន់ការ
ពារធម្មជាតិ និងចែករំលែកចំណេះដឹង និងផ្សព្វផ្សាយគោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិផងដែរ។
អញ្ជើញចូលរួមក្នុងបេសកកម្មនេះ រួមមាន សហគ្រិន ប្រតិបត្តិករ និងតំណាងភ្នាក់ងារសេវាកម្មទេសចរណ៍
មន្ត្រីជំនាញមកណីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អជ្ញាធរអប្សរា អង្គការដៃគូ និងធនាគារពិភពលោក ចំនួន៨៧ នាក់ ស្ត្រី ២២ នាក់។
រយៈពេល២ ថ្ងៃនេះនៃបេសកកម្មនេះ ក្រុមការងារបានសម្របសម្រួលអោយអ្នកចូលរួមទាំងអស់ ទស្សនាតាមគោលដៅទេសចរណ៍សំខាន់ៗ និងជាទីតាំងអតិភាពដែលគម្រោង បាននឹងកំពុងជួយគាំទ្រ ក្នុងការអភិវឌ្ឍ និងទាក់ទាញការវិនិយោគអេកូទេសចរណ៍។ ទីតាំងទាំងនោះរួមមាន: ប្រាសាទដំរីក្រាប ពើងត្បាល ប្រាសាទរ៉ុងចិន ស្រះដំរី ពើងប្រជៀវ ព្រះអង្គធំ ទឹកធ្លាក់ភ្នំគូលែន ពើងងឹត ពើងជ្រួញ និងទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ការទៅទស្សនានេះ បានប្រើប្រាស់សេវាកម្ម ម្ហូបអាហារ និងម៉ូតូរបស់របស់សហគមន៍តំបន់ការពារធម្មជាតិនៅទីនោះ និងបានការសហការជាមួយមន្ទីរបរិស្ថានខេត្ត មន្ត្រីឧទ្យានុរក្ស និងអជ្ញាធរមូលដ្ឋានផងដែរ។
គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលហៅកាត់ថា CSLEP គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា ។គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលមាននឹងកំពុងអនុវត្តយ៉ាងសកម្មលើខេត្តគោលដៅចំនួន ៧រួមមាន៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង ៕