លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខ ទាំង៦សង្កាត់ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មីX , ពិនិត្យឈាម ក្នុងនោះករណីជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលបន្ត។
កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាព្រឹកនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណ សាលាបឋមសិក្សាសែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, យុវជនអ.ម.ត, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរឹទ្ធិជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។
ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលពួកគាត់ដល់មូលដ្ឋាន ហេីយរាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្ទាល់៕