អតីតប្រធានាធិបតីអាមេរិក ដូណាល់ សន្យាថា នឹងមិនបញ្ជូនទាហានអាមេរិក ទៅធ្វើសង្គ្រាម ឬស្លាប់ នៅប្រទេសផ្សេងឡើយ ពេលលោកជាប់ឆ្នោត
បរទេស ៖ អតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងមិនបញ្ជូនជនជាតិអាមេរិកទៅប្រយុទ្ធ និងស្លាប់នៅក្នុងប្រទេស ដែលពួកគេមិនធ្លាប់បានឮ បានស្គាល់នោះទេ ក្នុងពេលដែលលោកថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងសមរភូមិនៃរដ្ឋ Pennsylvania នៅចុងសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅឯការប្រមូលផ្តុំយុទ្ធនាការកាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀតបានអះអាងថា លោកគឺជាមនុស្សតែម្នាក់គត់ដែលមានសមត្ថភាពការពារជម្លោះសកលលោកទាំងមូល ដោយលើកហេតុផលថា គូប្រជែងប្រជាធិបតេយ្យ របស់លោក គឺលោកស្រី Kamala Harris “នឹងធ្វើឱ្យយើងចូលទៅក្នុងសង្គ្រាមលោកលើកទី ៣ ដែលត្រូវបានធានាដោយសារ តែលោកស្រីអសមត្ថភាពទាំងស្រុងក្នុងការធ្វើការងារ”។
លោក ដូណាល់ ត្រាំ បាននិយាយថា «ដើម្បីតែធ្វើជាប្រធានាធិបតី គឺលោកស្រីត្រូវលេងល្បែង ជាមួយនឹងជីវិតមនុស្សរាប់លាននាក់។ កូនៗប្រុសស្រីនឹងត្រៀមខ្លួន ទៅច្បាំងក្នុងសង្គ្រាមក្នុងប្រទេសមួយ ដែលអ្នកមិនធ្លាប់ស្គាល់»។
នៅក្នុងសុន្ទរកថាទទួល យកការតែងតាំងរបស់លោកកាលពីដើមឆ្នាំនេះ លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹង “បញ្ចប់រាល់វិបត្តិអន្តរជាតិ ដែលរដ្ឋបាលបច្ចុប្បន្នបានបង្កើត” ជាពិសេសជម្លោះអ៊ុយក្រែន និងហ្គាហ្សា។ យ៉ាងណាក៏ដោយ លោកមិនដែលផ្តល់ផែនការ ជាក់លាក់ដើម្បីនាំមកនូវសន្តិភាពពិភពលោកទេ ប៉ុន្តែបានព្រមានម្តងហើយម្តងទៀតថា តាមរយៈការគាំទ្រ និងផ្តល់ហិរញ្ញប្បទាន “សង្រ្គាមអ្នកដ៏ទៃ” ក្រោមការដឹកនាំ របស់ប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris គឺសហរដ្ឋអាមេរិកកំពុងបង្កើន លទ្ធភាពនៃការធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី៣ ។
កាលពីសប្តាហ៍មុន លោក ត្រាំ បានអះអាងនៅលើវេទិកា Truth Social របស់លោកថា “ប្រសិនបើលោកស្រី Kamala ទទួលបានតំណែង ៤ ឆ្នាំទៀត នោះតំបន់មជ្ឈិមបូព៌ានឹងចំណាយពេល ៤ ទស្សវត្សរ៍ថែមទៀតដែលនឹងបន្តឆាបឆេះ ហើយកូន ៗ របស់អ្នកនឹងទៅធ្វើសង្រ្គាម”៕