នាយករដ្ឋមន្រ្តីជប៉ុន ប្តេជ្ញាថា នឹងនៅតែបន្តកាន់អំណាចដដែល ទោះលទ្ធផលបោះឆ្នោត ផ្ទុយពីការរំពឹងទុកឆ្ងាយក៏ដោយ
តូក្យូ៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បានប្តេជ្ញាថា នឹងនៅតែបន្តកាន់អំណាចដដែល ទោះបីជា ការបោះឆ្នោតសកលមុនអាណត្តិ ដែលរូបលោកផ្ទាល់ ជាអ្នកផ្តួចផ្តើមរៀបចំ បែរជាបានធ្វើឱ្យគណបក្សកាន់អំណាចរបស់លោក ទទួលលទ្ធផលអាក្រក់បំផុត ក្នុងរយៈពេល១៥ឆ្នាំ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោយក្លាយជានាយករដ្ឋមន្រ្តីជប៉ុនថ្មី កាលពីថ្ងៃទី១ ខែតុលា លោក Ishiba អាយុ៦៧ឆ្នាំ បានស្នើឱ្យរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ក្រោមក្តីរំពឹងថា នឹងអាចធ្វើឱ្យគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ទទួលបានអាសនៈច្រើនជាងមុន ហើយធ្វើឱ្យអាណត្តិកាន់អំណាចរបស់លោក មានភាពរឹងមាំ។ លទ្ធផលបឋមនៃការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា បានបង្ហាញថា គណបក្ស LDP និងបក្សដៃគូគឺ Komeito នឹងពុំអាចគ្រប់គ្រងសំឡេងភាគច្រើន ក្នុងសភាទៀតឡើយ។
បើតាមការរាប់របស់សារព័ត៌មានជប៉ុន NHK គណបក្ស LDP នឹងឈ្នះបានអាសនៈត្រឹមចំនួន១៩១ ខណៈក្នុងការបោះឆ្នោតឆ្នាំ២០២១ មានរហូតដល់២៥៩អាសនៈ រីឯគណបក្ស Komeito បាន២៤អាសនៈ។ LDP និង Komeito ត្រូវការអាសនៈសរុបចូលគ្នាឱ្យបានយ៉ាងហោច២៣៣អាសនៈ ដែលស្មើនឹងសំឡេងភាគច្រើន នៅក្នុងរដ្ឋសភា ដែលមានអាសនៈសរុប៤៥៦។
លោក Ishiba បាននិយាយថា នឹងនៅបន្តបំពេញភារកិច្ចរបស់លោកដដែល ហើយសន្យាធ្វើកំណែទម្រង់ជាមូលដ្ឋានតែម្តង ពាក់ព័ន្ធបញ្ហាលុយកាក់ និងនយោបាយ។ លោក Ishiba បានអះអាងថា កត្តាធំបំផុតនៅក្នុងការបោះឆ្នោតអាណត្តិនេះ គឺការសង្ស័យ ការមិនជឿទុកចិត្ត និងការខឹងសម្បាររបស់ប្រជាជន ជុំវិញរឿងអាស្រូវមួយ ពាក់ព័ន្ធក្រុមអ្នកនយោបាយបក្ស LDP កិបកេងលុយចូលហោប៉ៅខ្លួនឯង ពីព្រឹត្តិការណ៍រៃអង្គាសប្រាក់ ខណៈរឿងអាស្រូវនេះហើយ ដែលជាមូលហេតុមួយ បានជំរុញឱ្យរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោក Fumio Kishida ធ្លាក់ចុះប្រជាប្រិយភាពជាខ្លាំង រហូតបង្ខំឱ្យលោក Kishida ត្រូវសម្រេចចិត្តចុះចេញពីតំណែង។
នៅមុនការបោះឆ្នោត បណ្តាប្រព័ន្ធផ្សព្វផ្សាយជប៉ុន បាននាំគ្នាសន្និដ្ឋានថា ប្រសិនបើរដ្ឋាភិបាលរបស់លោក បាត់បង់ការគ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងសភា លោក Ishiba អាចនឹងចុះចេញពីតំណែង ដែលប្រការនេះនឹងធ្វើឱ្យលោក ជាប់ឈ្មោះជានាយករដ្ឋមន្រ្តីកាន់អំណាចបានខ្លីបំផុត ក្នុងប្រវត្តិសាស្រ្តក្រោយសម័យសង្រ្គាមរបស់ជប៉ុន។ នៅថ្ងៃចន្ទនេះ លោក Shinjiro Koizumi ដែលជាកូនប្រុសអតីតនាយករដ្ឋមន្រ្តី Junichiro Koizumi និងជាប្រមុខគណៈកម្មាធិការបោះឆ្នោតរបស់បក្ស LDP បានប្រកាសលាលែងពីតំណែង។
គួរបញ្ជាក់ថា យោងតាមក្រុមអ្នកវិភាគ ជំហានបន្ទាប់ទៀត គឺលោក Ishiba ទំនងជានឹងព្យាយាមស្វែងរក ការដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច ក្រោមហេតុផលថា ក្រុមប្រឆាំងហាក់មានភាពបែកបាក់គ្នា ដែលប្រហែលមិនអាចបង្កើតក្រុមចម្រុះរវាងពួកគេផ្ទាល់ បាននោះទេ។ នៅថ្ងៃចន្ទនេះ លោក Ishiba ក៏បាននិយាយដែរថា សម្រាប់ពេលនេះ លោកមិនទាន់ពិចារណាចង់ពង្រីកក្រុមចម្រុះរបស់លោក លើសពីសម្ព័ន្ធភាពរវាងបក្ស LDP និង Komeito នៅឡើយទេ៕