ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការគ្រងព្រះបរមសិរី រាជសម្បត្តិ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំ សូមលំឱនកាយថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ដើម្បីជាមហាម្លប់ដ៏ត្រជាក់ត្រជំដល់កូនចៅប្រជានុរាស្ត្ររបស់ ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។
ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតសូមសម្តែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចប្រកបដោយព្រះរាជគតិបណ្ឌិតវាងវៃបំផុត ព្រះព្រហ្មវិហារធម៌ ព្រះមហាករុណាទិគុណ និងទសពិធរាជធម៌ដ៏ថ្លៃថ្លា ក្នុងវិស័យការទូត ការអប់រំសិក្សាធិការ សុខុមាលភាព សង្គមកិច្ច និង ព្រះពុទ្ធសាសនា ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាមហាស្វេតច្ឆត្រ និង ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមប្រោសព្រះរាជទានព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីគង់ជាម្លប់ដល់ កូនចៅគ្រប់រូបជានិច្ចនិរន្តរ៍តទៅ។
សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវព្រះសេយ្យភក្តីភាព និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់ បំផុតពីទូលព្រះបង្គំ» ៕