ប័ណ្ណសមាជិក ប.ស.ស. ប្រមាណជាង ៣០០ប័ណ្ណត្រូវបានផ្តល់ជូនក្រុមប្រឹក្សាស្រុក-ឃុំ រដ្ឋបាលស្រុកកំពង់ត្រឡាច នៃខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ឹម ប៊ុនធឿន ប្រធានសាខា ប.ស.ស. ខេត្តកំពង់ឆ្នាំង បានសហការជាមួយ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច រៀបចំពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស. និងផ្សព្វផ្សាយអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជូនដល់ក្រុមប្រឹក្សាស្រុក-ឃុំ-ប្រធានការិយាល័យប្រជាពលរដ្ឋ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ។
នៅក្នុងពិធីនោះដែរ លោក ស៊ឹម ប៊ុនធឿន បានធ្វើការពន្យល់អំពីរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងនីតិវិធីនៃការចូលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស. ផ្ដល់ជូន។
សូមបញ្ជាក់ថា ពិធីនេះរៀបចំឡើងនៅរដ្ឋបាលស្រុកកំពង់ត្រឡាច នៃខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមចំនួន២៦៥នាក់ ព្រមទាំងបានប្រគល់ប័ណ្ណសមាជិក ប.ស.ស.ចំនួន ៣២៨ប័ណ្ណ៕