អបអរសាទរ! ក្រុងបាត់ដំបង ត្រូវបានប្រកាសជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្ដម ហួត ហាក់បានប្រកាសជាផ្លូវការក្រុងបាត់ដំបងត្រូវបានប្រកាសជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងប្រគល់ពានដល់រដ្ឋបាលក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង។
ពីធីនេះមានការចូលរួមពីសំណាក់ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា រដ្ឋលេខា-អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល លោក លាង វាសនា អភិបាលក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការនានាជុំវិញខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ យុវជនកាកបាទក្រហម កាយាឫទ្ធិ ក្រុមប្រឹក្សាសង្កាត់នានានៃក្រុងបាត់ដំបង។
ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា កន្លងមក រដ្ឋបាលខេត្តតែងតែបានសហការជាមួយមន្ទីរជំនាញនានាលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវមកលេងក្នុងខេត្ត ធ្វើឲ្យប្រជាពលរដ្ឋ អ្នករកស៊ីលក់ដូរ រកប្រាក់ចំណូលបានច្រើនមានជីវភាពធូធារផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ក្រុងបាត់ដំបង សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដោយបានក្លាយជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដោយកន្លងមកក្រុងបាត់ដំបងក្នុងឆ្នាំ២០២៤នេះ និងបានទទួលជ័យលាភីជាបន្តបន្ទាប់។
រង្វាន់ជ័យលាភីនិងសមិទ្ធផលទេសចរណ៍សំខាន់ៗរួមមាន៖
* ក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ឆ្នាំ២០២៣
* ពានរង្វាន់ជ័យលាភី ទីក្រុងស្អាត ផ្ការំដួល៣ទង ក្នុងនោះបាននៅក្នុងឆ្នាំលើកទី១ (២០១៥-២០១៨) លើកទី២ (២០១៨-២០២១) លើកទី៣ (ឆ្នាំ២០២២-២០២៥)
* ពានរង្វាន់ជ័យលាភី ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេលេខ២ ប្រចាំឆ្នាំ២០២៣ (Best Countdown City of The Year 2023) របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង
* ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី១ (២០១៨-២០២០) ទទួលពាននៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ
* ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ (២០២២-២០២៤) ទទួលពាននៅទីក្រុងព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា
* ចុងក្រោយថ្មីៗនេះបានទទួលជ័យលាភី ទីក្រុងទេសចរណ៍គ្មានផ្សែងបារី ឆ្នាំ២០២៤។
ជាមួយគ្នានោះរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់អភិបាលខេត្តបន្តកិច្ចសហការបន្ថែមទៀត ដើម្បីពង្រឹងការងារវិស័យទេចរណ៍កាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់ និងនាំគ្នាសរសេរផ្លាកធំៗដាក់តាមផ្លូវឲ្យបានច្រើនកន្លែង ក្រោមទិសស្លោកថា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ជាប្រយោជន៍ផ្សព្វផ្សាយវិស័យទេសចរណ៍ដល់ភ្ញៀវបានឃើញជាប្រចាំថ្ងៃ៕