COP16៖ បណ្តាប្រទេសនានាផ្តើមយកចិត្តទុកដាក់លើធម្មជាតិ ខណៈការបំផ្លាញធម្មជាតិប្រៀបបាននឹងការសម្លាប់ខ្លួនឯង
ទីក្រុងកាលី៖ នៅឯកិច្ចពិភាក្សាស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិ «COP16» កាលពីថ្ងៃអង្គារទី២៩ខែតុលា ប្រទេសកូឡុំប៊ីបានចាប់ផ្តើមសម្ព័ន្ធភាពជាមួយប្រទេសចំនួន២០ផ្សេងទៀតដែលកំពុងស្វែងរកការបង្កើត «សន្តិភាពជាមួយធម្មជាតិ» ខណៈមេដឹកនាំនានាបានព្រមានថា ការបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័សនៃបរិស្ថានមានគ្រោះថ្នាក់ដល់ការផុតពូជនៃមនុស្សជាតិ។
កិច្ចប្រជុំកំពូលជិត២០០ប្រទេសកំពុងប្រព្រឹត្តទៅនៅទីក្រុងកាលីនែប្រទេសកូឡុំប៊ីដែលមានជួរភ្នំខ្ពស់ៗជាច្រើន ដោយពួកគេមានភារកិច្ចស្វែងរកវិធីបញ្ឈប់ការបំផ្លិចបំផ្លាញនៃធម្មជាតិនៅឆ្នាំ២០៣០ ខណៈស្នាដៃមនុស្សកំពុងជំរុញឱ្យបាត់បង់ជម្រកព្រៃឈើ ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសកម្មភាពផ្សេងទៀតដែលបំផ្លាញប្រព័ន្ធជីវចម្រុះ។ សម្ព័ន្ធភាពដែលបានលើកឡើងអំពីបញ្ហានេះមានប្រទេសមកពីទ្វីបចំនួនបួន ក្នុងនោះរួមមាន៖ ម៉ិកស៊ិក ស៊ុយអែត អ៊ូហ្កង់ដា និងឈីលី ប៉ុន្តែគ្មានប្រទេសមកពីអាស៊ីប៉ាស៊ីហ្វិកឡើយ។ មែនទែនទៅ សម្ព័ន្ធនេះគឺបើកចំហសម្រាប់ប្រទេសដែលយល់ព្រមលើសំណុំនៃគោលការណ៍ដែលមានបំណងផ្លាស់ប្ដូរទំនាក់ទំនងរបស់មនុស្សជាតិជាមួយធម្មជាតិ និងរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន។ ទាំងនោះក៏រាប់បញ្ចូលទាំងការកៀរគរថវិកាឆ្ពោះទៅការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការឆ្ពោះទៅរកការអភិរក្សធម្មជាតិផងដែរ។
ថ្លែងនៅឯការបើកកិច្ចប្រជុំ COP16 កាលពីថ្ងៃអង្គារទី២៩តុលាជាមួយប្រធានាធិបតីប្រាំមួយរូប និងរដ្ឋមន្ត្រីជាង១០០នាក់ បណ្តាមេដឹកនាំតំណាងប្រទេសនីមួយៗបានព្រមានថា តាមរយៈការបំផ្លាញធម្មជាតិមានន័យថា មនុស្សជាតិកំពុងសម្លាប់ខ្លួនឯង។ ជុំវិញរឿងរ៉ាវនេះ ប្រធានាធិបតីកូឡុំប៊ីលោក ហ្កាស់ស្តាវ៉ូ ផេត្រូ (Gustavo Petro) បានសង្កត់ធ្ងន់ថា ៖«យើងកំពុងចាប់ផ្តើមយុគសម័យនៃការផុតពូជរបស់មនុស្សជាតិ។ ខ្ញុំមិនមែននិយាយបំផ្លើសនោះទេ»។ ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អេនតូនីញ៉ូ ហ្គោធឺរេស(Antonio Guterres) បានសង្កត់ធ្ងន់ថា ៖«ធម្មជាតិគឺជាជីវិត។ ប៉ុន្តែយើងកំពុងធ្វើសង្រ្គាមប្រឆាំងនឹងវា៕