សម្តេចធិបតី៖ កម្ពុជាសម្រេចបានជោគជ័យលើវិស័យកីឡា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games នៅឆ្នាំ២០២៣ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ល្បីរន្ទឺជុំវិញពិភពលោក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កន្លងមក កម្ពុជាសម្រេចបានជោគជ័យគួរជាទីមោទនៈលើវិស័យកីឡា ដោយបានធ្វើជា ម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ នៅ ឆ្នាំ ២០២៣ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ ល្បីរន្ទឺជុំវិញពិភពលោក។
សម្តេចធិបតី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញបើកកម្មវិធីក្របួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានថ្លែងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី ២ ដែលមានប្រតិភូកីឡា យុទ្ធគុនចម្រុះទាំង១៨ប្រទេស ដែលបានចូលរួម។
សម្តេចធិបតី បានបន្តថា កម្ពុជាក៏បានរៀបចំការប្រកួត កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ថែមទៀត ដែលការប្រកួតនេះ អាចចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់យុទ្ធគុនដូនតាខ្មែរ ដើម្បីអភិរក្សនូវអនុភាពនៃ យុទ្ធគុនបុព្វបុរសខ្មែរគ្រប់ជំនាន់ និង លើកទឹកចិត្តឱ្យកូនចៅខ្មែរជំនាន់ក្រោយចូលរួមអភិវឌ្ឍយុទ្ធគុនដូនតាខ្មែរ និងយុទ្ធគុនវប្បធម៌ជាតិឡើងវិញ៕