សម្តេចធិបតី៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ ហើយនៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមខ្លួន និងធ្វើឱ្យបានល្អជាទីបំផុត។
សម្តេចធិបតី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញបើកកម្មវិធីក្របួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បន្តថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់គាំទ្រចំពោះការអនុវត្តកំណែទម្រង់វិស័យកីឡា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើតសមិទ្ធផលកីឡា ដើម្បីទាក់ទាញឲ្យមានការគាំទ្រកាន់តែខ្លាំង ជាពិសេសការទទួលបានជោគជ័យក្នុងការប្រកួតជាតិ និងអន្តរជាតិ។
សម្ដេចធិបតីបន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតយុវជនអាស៊ីឆ្នាំ ២០២៩ខាងមុខកម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ប្រតិភូជាតិអន្តរជាតិប្រកបដោយភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡាជាតិ និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុតសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីនៅកម្ពុជា៕