នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ដែលបង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីរបស់ខ្មែរ ក្នុងសម័យសន្តិភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ដ៏ល្អប្រសើរចំណុចនេះបានដែលបង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីរបស់ខ្មែរ ស្មារតីព្រលឹងនៃកីឡា នៅក្នុងសម័យសន្តិភាព។
សម្តេចធិបតី បានថ្លែងអំណរអរគុណបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃនេះសូម្បីតែទេវតា ក៏ចូលរួមសប្បាយអបអរសាទរជាមួយនឹងប្រជាពលរដ្ឋខ្មែរ ចំពោះព្រឹត្តិការណ៍កីឡាជាតិនេះផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលសម្តេចបានចូលរួមនៅក្នុងកម្មវិធីដែលរៀបចំផ្ទាល់មានទ្រង់ទ្រាយធំក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមសិល្បករ សិល្បការិនីទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីសម្តែងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ផងដែរ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ការរៀបចំការប្រកួតកីឡា បានផ្ដល់ប្រយោជន៍ជាច្រើនសង្គម ដូចជានយោបាយការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម ទាក់ទាញភ្ញៀវទេសចរជាដើម និងបានរឹតចំណងទំនាក់ទំនងអន្តរជាតិ ៕