គ្រោះទឹកជំនន់ផ្តាច់ជីវិតមនុស្សជាង៥០នាក់ នៅប្រទេសអេស៉្បាញ
ម៉ាឌ្រីដ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងហោច ៥១នាក់ បន្ទាប់ពីតំបន់ភាគអាគ្នេយ៍នៃប្រទេសអេស៉្បាញ បានទទួលរងការវាយប្រហារ ដោយសារគ្រោះទឹកជំនន់។
ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅតំបន់ Valencia ភាគអាគ្នេយ៍ប្រទេសអេស៉្បាញ ដែលជាហេតុបណ្តាលឱ្យទីប្រជុំជន និងផ្លូវថ្នល់ ត្រូវជន់លិចនៅក្រោមផ្ទៃទឹក។ ក្នុងចំណោមអ្នកបាត់បង់ជីវិត រួមមានទាំងកុមារ។ ផ្ទះសម្បែង និងអគារជាច្រើន បានរងការខូចខាត ខណៈរថភ្លើងមួយខ្សែ ដឹកអ្នកដំណើរជិត៣០០នាក់ ក៏បានរអិលធ្លាក់ចេញពីផ្លូវផងដែរ ប៉ុន្តែសំណាងល្អ មិនមានអ្នករងរបួសទេ។ ឧទ្ធម្ភាគចក្រ ត្រូវបានប្រើប្រាស់ ដើម្បីជួយសង្រ្គោះជនរងគ្រោះមួយចំនួន ថែមទៀតផង។
គួរបញ្ជាក់ថា បើតាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយមអេស៉្បាញ ព្យុះភ្លៀងទំនងជានឹងបន្ត រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក្រុមអ្នកវិទ្យាសាស្រ្ត ធ្លាប់បានព្រមានថា ការកើនឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ នៃបាតុភូតអាកាសធាតុអាក្រក់ៗ ដូចជា គ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម នៅក្នុងទ្វីបអឺរ៉ុប គឺមានជាប់ពាក់ព័ន្ធជាមួយ ការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយសកម្មភាពមនុស្ស៕