ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល បេសកកម្មគាំទ្រការអនុវត្ដគម្រោងលើកទី៨ របស់ធនាគារពិភពលោក ស្ដីពីការអនុវត្ដការងារគណនេយ្យភាពសង្គម
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល បេសកកម្មគាំទ្រការអនុវត្ដគម្រោងលើកទី៨ របស់ធនាគារពិភពលោក ស្ដីពីការអនុវត្ដការងារគណនេយ្យភាពសង្គម ដែលមានការអញ្ជើញចូលរួមពីលោក Benjamin Burkhart ប្រធានក្រុមការងារធនាគារពិភពលោក លោកស្រី សោម ច័ន្ទធីតា តំណាងស្ថានទូតអូស្រ្តាលី លោក Janes Ginting នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកនៅកម្ពុជា តំណាងស្ថានទូតអាល្លឺម៉ង់ ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាង SDC អង្គការ GiZ និងមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបចំនួន ៤៥រូប ស្រី១៣រូប។
កិច្ចប្រជុំនេះ មានគោលបំណង ឆ្លុះបញ្ចាំងពីការចុះបេសកកម្មស្តីពីការផ្តល់សេវានៅសាលារៀន មណ្ឌលសុខភាព និងសាលាឃុំ សង្កាត់ នៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ពិនិត្យលើបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ ដាក់ចេញជាវិធានការចាំបាច់ និងសកម្មភាពជាអាទិភាពនានាដែលត្រូវបន្តអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប. រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការទស្សនៈពិភពលោក សំដៅជំរុញ និងពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តម ចាន់ សុធា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃបេសកកម្មដោយគូសបញ្ជាក់ថា “បេសកកម្មបានកំណត់ឃើញនូវលទ្ធផលរីកចម្រើនជាវិជ្ជមានជាច្រើន ទោះបីជាយើងនៅមានបញ្ហាប្រឈមមួយចំនួនក្តី យើងបានពិភាក្សាឯកភាព និងដាក់ចេញនូវដំណោះស្រាយនានា ក៏ដូចជាផែនការបន្តផងដែរដើម្បីធានាបាននូវដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត និងមាននិរន្តរភាពនៅពេលខាងមុខ”។
ឯកឧត្តម ក៏បានសំដែងនូវការអរគុណចំពោះដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូអនុវត្ត ដែលបានចូលរួមចំណែកក្នុងការអនុវត្តសកម្មភាពកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ៕