សហភាពអឺរ៉ុប គ្រោងនឹងបង្កើនសមត្ថភាពនាំចេញថាមពល ទៅកាន់ប្រទេសអ៊ុយក្រែន និងម៉ុលដាវី ក្នុងរដូវរងា
ព្រុចស៊ែល៖ សហភាពអឺរ៉ុប (EU) គ្រោងនឹងបង្កើនសមត្ថភាពនាំចេញថាមពល ទៅកាន់ប្រទេសអ៊ុយក្រែននិងម៉ុលដាវី ដល់ ២.១ ជីហ្គាវ៉ាត់ (GW) ចាប់ពីថ្ងៃទី១ ខែធ្នូ ដើម្បីជួយប្រទេសទាំងពីរ ដោះស្រាយបញ្ហាខ្វះខាតថាមពលក្នុងរដូវរងា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
បណ្តាញអគ្គិសនីអឺរ៉ុប (ENTSO-E) បាននិយាយថា ការបង្កើននេះនឹងជួយឱ្យអ៊ុយក្រែន និងម៉ុលដាវីទទួលបានថាមពលបន្ថែម ក្នុងអំឡុងពេលរដូវរងា នៅពេលដែលតម្រូវការថាមពលមានកម្រិតខ្ពស់។ ការខ្វះខាតថាមពលនៅអ៊ុយក្រែន អាចនឹងកើនឡើង ដល់ ៦ GW ក្នុងរដូវរងានេះ ដោយសារតែការវាយប្រហាររបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះ។
ការបង្កើនសមត្ថភាពនាំចេញថាមពលនេះ នឹងត្រូវឆ្លងកាត់តាមប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងរូម៉ានី។ ចាប់ពីខែមីនា ឆ្នាំ២០២៥ ប្រតិបត្តិករបណ្តាញនឹងអាចវាយតម្លៃឡើងវិញ នូវដែនកំណត់សមត្ថភាពនាំចេញនៅលើមូលដ្ឋានប្រចាំខែ។
គួរបញ្ជាក់ថា ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បាននិយាយកាលពីខែមុនថា រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែន ដែលមានសមត្ថភាពផលិតប្រហែល ៩ GW។ លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុប មានគម្រោងជួសជុល ហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីស្តារសមត្ថភាពផលិត ២.៥ GW ឡើងវិញ ដែលស្មើនឹង ១៥% នៃតម្រូវការរបស់អ៊ុយក្រែន៕