ក្នុងខែតុលា ACU បានពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ២៩បណ្តឹង និងមានមន្រ្តីជាង៤០០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី៤០ អាណត្តិទី៣ ក្រោមវត្តមានឯកឧត្តម តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៩ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។
ដោយឡែកនៅក្នុងខែតុលា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន២៩ពាក្យប្ដឹង។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ៤២២នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៣១២នាក់ និងមន្ត្រី ១១០នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។
ដោយឡែកសម្រាប់ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ACU បានចូលរួមសង្កេតការណ៍ប្រឡង ចំនួន០៤លើក៖ (១).ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ទាំងបីដំណាក់កាល សំណេរ កំណែ បូកស្រង់ និងប្រកាសលទ្ធផល និង(២).ការប្រឡងបញ្ចប់ថ្នាក់ជាតិ របស់និសិ្សតតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងសុខាភិបាល។
បំពេញការងារ ចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ២៦គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ១៥អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
ការងារតំបន់ និងអន្តរជាតិ កាលពីថ្ងៃទី០១-០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡេង តុលា ជំនួយការទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. បានដឹកនាំប្រតិភូ ចំនួន ០៣រូប ចូលរួមក្នុងកិច្ចពិភាក្សាថ្នាក់តំបន់លើប្រធានបទចំនួនពីរ៖ (១).សិទ្ធិមនុស្ស និងការប្រឆាំងអំពើពុករលួយ និង(២) អំពើពុករលួយ និងយេនឌ័រ ដែលបានរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្ម និងគ្រឿងញៀន (United Nations Office on Drugs and Crime, UNODC) និងការិយាល័យឧត្តមស្នងការ សម្រាប់សិទ្ធិមនុស្ស (Office of the High Commissioner for Human Rights, OHCHR) នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រតិភូ ចំនួន៧០រូប មកពី១១ប្រទេស។
កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ ដើម្បីចែករំលែកទៅវិញទៅមកនូវបទពិសោធន៍ល្អ និងថ្មីៗ ជំរុញកិច្ចខិតខំប្រឹងប្រែងជួយគ្នាទៅវិញទៅមកក្នុងតំបន់ ក្នុងការលើកកម្ពស់ការគោរពសិទ្ធមនុស្ស ការកាត់បន្ថយអំពើពុករលួយ ព្រមទាំងបង្ហាញពីទម្រង់ថ្មីៗនៃការរំលោភបំពានផ្លូវភេទ ដែលកើតចេញពីអំពើពុករលួយ។
ដោយឡែក កាលពីថ្ងៃទី១៤ ដល់ថ្ងៃ១៨ ខែតុលា ឆ្នាំ២០២៤ លោក យន់ ស៊ីណាត អនុប្រធាន បានដឹកនាំប្រតិភូ អ.ប.ព. ចំនួន០៧រូប ចូលរួមសង្កេតការណ៍ក្នុងកិច្ចប្រជុំក្រុមការងារសុចរិតភាពសាធារណៈ និងប្រឆាំងអំពើពុករលួយ (Public Integrity and Anti-Corruption,PIAC) ដែលបានរៀបចំដោយ អង្គការ
សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (The Organization for Economic Co-operation and Development, OECD) នឹងបានប្រារព្ធធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានប្រទេសចូលរួមចំនួន៥០។
កិច្ចប្រជុំនេះជាវេទិការមួយដ៏មានសារៈសំខាន់ ដើម្បីចែករំលែកបទពិសោធន៍ និងនុវានុវត្តន៍ថ្មីៗ អំពីវិធានការទាំងឡាយក្នុងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព វិស័យសាធារណៈ ពីបណ្ដាប្រទេសដែលចូលរួម។
ស្ថិតក្នុងឱកាសនោះ អនុប្រធាន ACU ក៏បានចូលរួមចែករំលែក អំពីកិច្ចប្រឹងប្រែងលើការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ក្លៀវក្លា និងថាមពល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ ៕