ចំនួនអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់នៅអេស្ប៉ាញកើនដល់ ១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួន
ម៉ាឌ្រីដ៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាថា ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់បានកើនដល់ ១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការរបស់ពួកគេតាមស្វែងរកអ្នកបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយដែលអាចចាត់ទុកថាបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង វាយលុកតំបន់ភាគខាងកើតទីក្រុង Valencia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសនិ្នសីទសារព័ត៌មាន រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់អេស្ប៉ាញ លោក Angel Victor Torres បានគូសបញ្ជាក់ដូច្នេះថា «មានមនុស្សសរុប ១៥៨នាក់ហើយបានស្លាប់ និងជាច្រើននាក់ទៀតបានបាត់ខ្លួន»។ កាលពីថ្ងៃអង្គារកន្លងទៅ ភ្លៀងធ្លាក់មានរយៈពេលដល់៨ម៉ោង នៅតាមផ្នែកមួយចំនួននៃទីក្រុង Valencia ជាហេតុ បណ្ដាលឱ្យមានទឹកជំនន់ដ៏អាក្រក់បែបនេះ។
គួរបញ្ជាក់ថា យោធាមួយក្រុម ដែលមានឯកទេសក្នុងការជួយសង្គ្រោះ បានចាប់ផ្តើមធ្វើប្រតិបត្តិការ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ដើម្បីតាមស្វែងរក អ្នកបាត់ខ្លួន។ នាយករដ្ឋមន្រ្តី លោក Pedro Sanchez បានសន្យាកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការបំផ្លិចបំផ្លាញឡើងវិញ៕