ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ក្នុងឱកាសនោះឯកឧត្ដម ឃួង ស្រេង បានអានសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងរស់នៅក្នុងម្លប់សន្តិភាពដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាឆ្នាំទី២ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ច។ មួយឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាល បានអភិវឌ្ឍន៍ និងកែទម្រង់វិស័យអប់រំ ចំនួន៤ចំណុច កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងវិស័យអប់រំ អោយកាន់តែល្អប្រសើរឡើង។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តទៀតថា បវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ជាឆ្នាំប្រឡងប្រណាំងគ្នា ដើម្បីសម្រេចស្តង់ដាសាលាគំរូបឋមសិក្សា១០០ទូទាំងប្រទេស ដែលប្តេជ្ញាចិត្តកែទម្រង់ជាសាលាគំរូ។
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ត្រូវចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទដូចជាប្រារព្វថ្ងៃបើកបវេសនកាល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វិស្សមកាលតូច ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥និងមហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥៕