ឯកឧត្តម ហេង សួរ អរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់។
ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ បានថ្លែងការអរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់កម្ពុជា អនុលោមទៅនឹងអង្គការអន្តរជាតិខាងការងារ (ILO)។ ទន្ទឹមនេះ អង្គការ GIZ ក៏បានគាំទ្រដល់វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងខេត្តបាត់ដំបងផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត Bärbel Kofler មកកម្ពុជានាពេលនេះនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែមានភាពល្អប្រសើរថែមទៀត។
ថ្លែងក្នុងជំនួបនេះ លោកជំទាវបណ្ឌិត Bärbel Kofler បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តដាក់យ៉ាងខ្លាំងចំពោះការគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្រិតប្រាក់ឈ្នួលអប្បបរមា ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដោយបច្ចុប្បន្នកម្រិតប្រាក់ឈ្នួលអប្បរមា នៅកម្ពុជាក៏ខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។ លោកជំទាវ ក៏ចាប់អារម្មណ៍ផងដែរ លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការអភិវឌ្ឍជំនាញដែលជាកត្តាសំខាន់សម្រាប់វិស័យឯកជន។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំពារសង្គម ជាពិសេសការគាំពារតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលមិនត្រឹមតែសម្រាប់កម្មករ និយោជិតប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋ បុគ្គលស្វ័យនិយោជន៍ អ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ។
ចំពោះវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាសម្រាប់ TVET ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញជាច្រើន ជាពិសេសជំនាញមេកានិក មេកាត្រូនិក ផ្នែកយានយន្ត ជាដើមដែលមានវិទ្យាស្ថានបច្ចេកទេសនានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត កំពុងផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ ឌីប្លូម៉ា និងឧត្តមសិក្សា៕