សម្តេចប្រធានរដ្ឋសភា ជំរុញក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ឱ្យបានជោគជ័យនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរនិងអរគុណចំពោះគណៈកម្មការដឹកនាំនិងរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី ១១ និងអនុគណៈកម្មការទទួលបន្ទុកការងារផ្សេងៗ ដែលបានត្រៀមរៀបចំការងារ សម្រេចលទ្ធផលមួយចំនួនធំ នៅក្នុងការត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារ ក្នុងការត្រៀមលក្ខណៈរៀបចំ សម័យប្រជុំពេញអង្គ IPTP លើកទី១១ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ ដើម្បីបង្ហាញដល់សាធារណជនជាតិ និងមិត្តអន្តរជាតិ ពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ដោយប្រើប្រាស់យន្តការ ការសន្ទនានិងការទូត ក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងប្រឈមនឹងការផ្ទុះសង្រ្គាម ការធ្លាក់ចុះនៃសណ្តាប់ធ្នាប់សាកល និងវិបត្តិសាកលនានា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា “យើងត្រូវតែត្រៀមឱ្យបានល្អ ទាំងការរៀបចំទូទៅ និងទាំងខ្លឹមសារ ដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិនាមកម្ពុជា ជាអ្នកសេ្នហាលើកតម្កើងសន្តិភាព និងជាអ្នកលើកកម្ពស់ពហុភាគីនិយម មានលក្ខណៈបើកចំហ និងបរិយាបន្ន ដោយគោរពច្បាប់អន្តរជាតិ។ លើសពីនេះ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសដ៏ល្អសម្រាប់កសាងមិត្តភាពអន្តរជាតិ ដោយបង្កើតមិត្តភាពជាមួយអ្នកថ្មី និងពង្រឹងមិត្តភាពជាមួយមិត្តចាស់ ស្របតាមទិសស្លោក “ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី”។
សូមជម្រាបថាសភាកម្ពុជា ដែលមានរដ្ឋសភានិងព្រឹទ្ធសភា នឹងធ្វើជាម្ចាស់ផ្ទះ នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងារត្រៀមរៀបចំកិច្ចប្រជុំអន្តរជាតិនេះ បានស្តាប់របាយការណ៍ របស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការដឹកនាំនិងរៀបចំ និងរបាយការណ៍ពីអនុគណៈកម្មការនានាដែលត្រូវបានបង្កើតឡើងដើម្បីត្រៀមរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១។
ក្រោយពីបានស្តាប់របាយការណ៍រួច សម្តេចមហារដ្ឋសភាធិការធិបតី បានកោតសរសើរជូនដល់សមាជិកគណៈកម្មការដឹកនាំនិងរៀបចំកិច្ចប្រជុំទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារតាមភារកិច្ចប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សម្តេចរដ្ឋសភាធិបតីបានណែនាំដល់ក្រុមការងារទំាងអស់ បន្តខិតខំបំពេញភារកិច្ចរៀបចំការងារដែលសេសសល់ឱ្យសម្រេចតាមផែនការដើម្បីធ្វើយ៉ាងណាឱ្យសម័យប្រជុំពេញអង្គ IPTP លើកទី ១១ ដែលជាកិត្តិយសប្រទេសកម្ពុជាទំាងមូលទទួលបានជោគជ័យ។
សម្តេចប្រធានរដ្ឋសភាក៏បានជំរុញដល់គណៈកម្មការដឹកនាំនិងរៀបចំកិច្ចប្រជុំគិតគូរដល់ការផ្សព្វផ្សាយព័ត៌មានពីព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយទំាងនៅមុនកិច្ចប្រជុំមកដល់ ពេលកិច្ចប្រជុំ និងក្រោយកិច្ចប្រជុំ ដល់សាធារណជនជាតិនិងអន្តរជាតិ។
សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលមានសមាជិកជាង៩០ប្រទេស។ កិច្ចប្រជុំពេញអង្គលើកទី១១ (IPTP) ដែលសភាកម្ពុជាធ្វើជាម្ចាស់នឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា។ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ពីការស្វែងរកសន្តិភាពនិងការថែរក្សាសន្តិភាពដល់វេទិកា (IPTP) លើកទី១១ ផងដែរ៕