ឯកឧត្តម លី ធុជ៖ មានតែគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលសម្រេចបាននូវសមិទ្ធផលធំៗ និងកសាងកម្ពុជាថ្មីជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២៦១នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម លី ធុជ បានថ្លែងអរគុណ និងកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សមាជិកថ្មីទាំងអស់ និងយុវជន ដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងបែង ពលីគ្រប់បែបយ៉ាង និងគាំទ្រដល់សកម្មភាពនានារបស់គណបក្សនៅតាមមូលដ្ឋាន ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ។
ឯកឧត្តម លី ធុជ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជន ប៉ុណ្ណោះ ដែលសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត បញ្ចប់សង្រ្គាម និងបានកសាងកម្ពុជាថ្មីជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាជោគវាសនា អនាគត និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម លី ធុជ បានបញ្ជាក់ទៀតថា បំណងប្រាថ្នារបស់ប្រជាពលរដ្ឋសម្រាប់ជីវភាពរស់នៅមួយកាន់តែប្រសើរឡើង គឺជាគោលដៅតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ យើងទាំងអស់គ្នា ត្រូវរួមគ្នាសម្រេចនូវគោលដៅរួម និងបេសកកម្មរួមសម្រាប់ប្រទេសជាតិ ជាមួយការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកសាងនូវអនាគតមួយដ៏ល្អប្រសើរ។
ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានណែនាំឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទ និងគុណធម៌ចំនួន ០៧ ដើម្បីបម្រើប្រជាពលរដ្ឋ និងគណបក្ស រួមមាន ៖ សុជីវធម៌ល្អ សុភាពរាបសារ ភាពក្លាហាន ចេះអត់អោន សុចរិតភាព ការយោគយល់ និងភាពស្មោះត្រង់។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើជូនសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងបាវិត ព្រមទាំងថ្លែងអំណរគុណយ៉ាជ្រាលជូនចំពោះបងប្អូនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងជឿទុកចិត្តចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា៕