អាមេរិក ប្រកាសថានឹងយន្ដហោះទម្លាក់គ្រាប់បែក B-52 និងនាវាពិឃាដបន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាសារព្រមានទៅកាន់អ៉ីរ៉ង់
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ប្រកាសថាខ្លួននឹងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52 យន្ដហោះចម្បាំង យន្ដហោះចាក់សាំង និងនាវាពិឃាដបន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាសារព្រមានទៅកាន់អ៉ីរ៉ង់ ខណៈកងនាវាដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង Abraham Lincoln នឹងត្រូវចាកចេញ ពីតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ជាមួយការប្រកាសដាក់ពង្រាយយោធាបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder ក៏បានគូសបញ្ជាក់ដែរថា «ប្រសិនបើអ៉ីរ៉ង់ ដៃគូ ឬក្រុម proxies របស់ពួកគេឆ្លៀតឱកាសវាយប្រហារលើកងទ័ពអាមេរិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹងប្រើប្រាស់គ្រប់វិធានការ ចំាបាច់ទាំងអស់ ដើម្បីការពារមនុស្សរបស់យើង»។ លោក Ryder បន្ថែមថាកងកម្លាំងថ្មីនឹងចាប់ផ្ដើមទៅដល់តំបន់មជ្ឈិមបូព៌ា នៅប៉ុន្មានខែខាងមុខនេះ។
គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ បានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានយោធានៅលើទឹកដីអ៉ីរ៉ង់ ជាការសងសឹកទៅនឹងអ៉ីរ៉ង់ សម្រាប់ការបាញ់ស្រោចមីស៊ីលបាលិស្ទីគលើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ អ៉ីរ៉ង់បានព្រមានថានឹងសងសឹកអ៉ីស្រាអែលវិញ ហើយព្រមពេលជាមួយគ្នា ប្រព័ន្ធ ផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាអ៉ីរ៉ង់មានផែនការវាយប្រហារលើអ៉ីស្រាអែល ចេញពីទឹកដីអ៉ីរ៉ាក់៕