ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិទទួលបន្ទុកការអនុវត្តគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីគ្រប់ដៃគូអភិវឌ្ឍន៍ និងពីថវិកាជាតិ ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្រោមហិរញ្ញប្បទានសម្បទានពីប្រទេសចិន ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតមានការងារសំខាន់ៗដូចជា៖ ទី១)សាងសង់ទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ និងទី២)សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ។ គម្រោងនេះប្រើរយៈពេលសាងសង់ប្រមាណ ៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧ បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤៣%។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍអាងទឹកដងកាំបិត ក្នុងភូមិសាស្ត្រខេត្តកំពង់ធំគឺក្នុងគោលបំណងដើម្បីធានានូវសន្ដិសុខសុវត្ថិភាពទឹក និងធានាការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម។ គម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ ហើយជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់ក្រុមការងារសាងសង់សូមបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមការគ្រោងទុក និងបានសំណូមពរទៅដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា បន្ទាប់ពីការសាងសង់រួចគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតអាចមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណជាង ១៣ម៉ឺនហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ ៥,៤តោន ក្នុងមួយហិកតា ហើយមានកសិករទទួលផលប្រមាណជាង ២ម៉ឺនគ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ ៕