លោក ហ្សេលេនស្គី ទទូចឱ្យសម្ព័ន្ធមិត្ត ចាត់វិធានការជាក់ស្ដែងប្រឆាំងកូរ៉េខាងជើង
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យសម្ព័ន្ធមិត្តអ៊ុយក្រែន ឈប់សម្លឹងមើល ហើយត្រូវចាត់វិធានការសកម្មជាក់ស្ដែង ដើម្បី ដោះស្រាយជាមួយវត្តមានកងទ័ពកូរ៉េខាងជើងនៅរុស្ស៉ី មុននឹងពួកគេចាប់ផ្ដើមប្រឈមមុខជាមួយកងទ័ពអ៊ុយក្រែននៅសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើ Telegram កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា លោក ហ្សេលេនស្គី បានបញ្ជាក់ថាកូរ៉េខាងជើងកំពុងមានភាពរីកចម្រើននៅក្នុង ការអភិវឌ្ឍសមត្ថភាពយោធា ការដាក់ពង្រាយមីស៊ីល និងការផលិតអាវុធ ហើយឥលូវនេះ កូរ៉េខាងជើងមានឱកាសរៀនសូត្រពីសង្រ្គាមសម័យទំនើប។ កងទ័ពរាប់ពាន់នាក់ ដំបូងមកពីកូរ៉េខាងជើង កំពុងស្ថិតនៅក្បែរព្រំដែនអ៊ុយក្រែន។ អ៊ុយក្រែននឹងត្រូវការពារខ្លួនឯងប្រឆាំងនឹងពួកគេ ហើយពិភពលោកនឹងសម្លឹងមើលសាជាថ្មី។ ប៉ុន្តែ ជំនួសឱ្យ ការសម្លឹងមើលរបស់សហរដ្ឋអាមេរិក អង់គ្លេស និងអាលឺ្លម៉ង់…ការចាត់វិធានការជាក់ស្ដែងដូចជាការអនុញ្ញាតឱ្យអ៊ុយក្រែប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ គឺជារឿងចាំបាច់។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាកងទ័ពកូរ៉េខាងជើងប្រហែលជា ១០.០០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី ក្នុងនោះមាន ៨០០០នាក់ កំពុងស្ថិតនៅតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយលុកថ្មើរជើងកាលពីខែសីហា។ នៅក្នុងបទសម្ភាន៍ជាមួយទូរទស្សន៍កូរ៉េខាងត្បូង KBS ក្នុងថ្ងៃដដែលនោះដែរ លោក ហ្សេលេនស្គី បានរិះគន់សម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ចំពោះការស្ងៀមស្ងាត់ ក្នុងការចាត់វិធានការឆ្លើយតបទៅនឹងការបញ្ជូនទ័ពរបស់កូរ៉េខាងជើង ទៅកាន់រុស្ស៉ី។
ដោយឡែក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានប្រាប់សមភាគីរុស្ស៉ីរបស់លោកស្រី គឺលោក Sergei Lavrov កាលពីថ្ងៃសុក្រថា ប្រទេសរបស់ លោកស្រីនឹងឈរនៅជាមួយរុស្ស៉ី រហូតទាល់តែរុស្ស៉ីទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន។