ឯកឧត្ដមរដ្ឋមន្ត្រី ជា សុមេធី លើកទឹកចិត្តដល់វិស័យឯកជននៅកម្ពុជា ផ្ដល់ឱកាសការងារដល់ជនមានពិការភាព
ភ្នំពេញ៖ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីក្រោមឱវាទក្រសួងធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយបងប្អូនជនមានពិការភាពដែលកំពុងបម្រើការងារនៅរោងចក្រអ៉ីលីត (ខេមបូឌា) ស្ថិតក្នុងភូមិថ្នាញ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះរោងចក្រមួយនេះ ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តកាតព្វកិច្ចក្នុងការជ្រើសរើសជនមានពិការភាពចូលម្រើការងារ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យអនុក្រឹត្យលេខ ១០៨ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ។
ឯកឧត្ដម ជា សុមេធី បានគូសបញ្ជាក់ថា «ការអនុវត្តកាតព្វកិច្ចប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវនេះ គឺជាគំរូដ៏ល្អមួយសម្រាប់វិស័យឯកជនផ្សេងៗទៀតនៅកម្ពុជា ហើយក៏ជាការជំរុញ និងលើកទឹកចិត្តជនមានពិការភាពនៅកម្ពុជាឱ្យខិតខំប្រឹងប្រែងកសាងសមត្ថភាព ដើម្បីស្វែងរកឱកាសការងារ និងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម និងគ្រួសារ»។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ ជាពិសេសរោងចក្រ អ៊ីលីត (ខេមបូឌា) សូមបន្តការជ្រើសរើស និងផ្តល់ឱកាសការងារដល់ជនមានពិការភាព ព្រមទាំងផ្តល់នូវការលើកទឹកចិត្តសមស្របទៅតាមសមត្ថភាព និងប្រកបដោយការយោគយល់ខ្ពស់ដល់ជនមានពិការភាព។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរដល់បងប្អូនកម្មកររោងចក្រ ដែលជាជនមានពិការភាព ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាព និងប្រើប្រាស់សម្បទា ដែលមានក្នុងការស្វែងរកប្រាក់ចំណូលដើម្បីខ្លួនឯង គ្រួសារ និងរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម និងបានលើកទឹកចិត្តដល់បងប្អូនមានពិការភាពទាំងអស់ ទាំងនៅទីនេះ ក៏ដូចជាទូទាំងប្រទេស សូមកុំផ្តេកផ្តួលលើពិការភាពរបស់ខ្លួន ដោយត្រូវប្រើប្រាស់សក្តានុពលរបស់ខ្លួន ខិតខំបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពតាមរយៈការចូលសិក្សាក្នុងគ្រឹះស្ថានអប់រំ និងរៀនជំនាញវិជ្ជាជីវៈតាមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនានា ដែលរាជរដ្ឋាភិបាលបាន និងកំពុងដំណើរការ។
គូសបញ្ជាក់ផងដែរថា យោងតាមអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ និយោជក ឬម្ចាស់នីតិបុគ្គលដែលស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវបានតម្រូវឱ្យធ្វើការជ្រើសរើសជនពិការ ចូលបម្រើការងារនៅក្នុងគ្រឹះស្ថានរបស់ខ្លួន។ ពោលគឺ នីតិបុគ្គលដែលមានកម្មករ និយោជិត កំពុងបម្រើការងារចាប់ពី១០០ នាក់ឡើងទៅ ត្រូវមានជនមានពិការភាពកំពុងបម្រើការងារ ដោយកំណត់ក្នុងអត្រាចំនួន ១ ភាគរយនៃចំនួនកម្មករ និយោជិតសរុប។
ក្នុងការជំរុញការអនុវត្តការងារនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈរដ្ឋបាលសិទ្ធិជនពិការ នៃនាយកដ្ឋានសុខុមាលភាពជនពិការ បានបន្តជំរុញការចុះបញ្ជិការបស់វិស័យឯកជន និងបន្តចុះពិនិត្យ វាយតម្លៃក្រុមហ៊ុន រោងចក្រ សហគ្រាសដែលបានដាក់ពាក្យស្នើសុំចុះបញ្ជិកាអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងជំរុញឱ្យវិស័យឯកជនដែលមិនមានអត្រាជនពិការបម្រើការងារតាមអត្រាកំណត់ ធ្វើការបង់ភាគទានចូលហិបមូលនិធិជនពិការ និងឈានទៅដល់ការពិន័យអន្តរការណ៍៕